រដ្ឋាភិបាលកោះតៃវ៉ាន់ បានសម្តែងការខកចិត្តនៅថ្ងៃសុក្រ (២៩ វិច្ឆិកា) នេះ ដែលសមាជិកនៃកតិកាសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក មិនបានបង្កើតក្រុមការងារដើម្បីពិចារណាសមាជិកភាពរបស់ខ្លួន ដោយនិយាយថាមិនគួរមានហេតុផលនយោបាយលើបញ្ហាពាណិជ្ជកម្មនោះទេ។

កោះតៃវ៉ាន់ ក្នុងឆ្នាំ២០២១ បានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មួយនេះ តិចជាងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បាននិយាយថាខ្លួនក៏បានដាក់ពាក្យស្នើសុំផងដែរ។

ការិយាល័យចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់ បាននិយាយថា កិច្ចប្រជុំសមាជិកនៅទីក្រុង Vancouver របស់កាណាដា ក្នុងសប្តាហ៍នេះ បានយល់ព្រមបង្កើតក្រុមការងារដើម្បីពិចារណាការចូលរួមរបស់ប្រទេសកូស្តារីកា ប៉ុន្តែមិនពិចារណាកោះតៃវ៉ាន់ នោះទេ។
ការិយាល័យតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "រដ្ឋាភិបាលរបស់យើងសម្តែងការខកចិត្តយ៉ាងខ្លាំង ហើយជាថ្មីម្តងទៀតបានអំពាវនាវឱ្យសមាជិកកិច្ចព្រមព្រៀង CPTPP បង្កើតក្រុមការងារស្តីពីសមាជិកភាពតៃវ៉ាន់ ឱ្យឆាប់បំផុត ដោយមិនត្រូវគិតពីហេតុផលនយោបាយឡើយ"។

បច្ចុប្បន្នក្រុម CPTPP នេះមានសមាជិកចំនួន ១១ប្រទេស រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ នូវែលសេឡង់ សិង្ហបុរី និងវៀតណាម ហើយចក្រភពអង់គ្លេស នឹងចូលរួមជាផ្លូវការនៅខែក្រោយ៕