សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបន្តការសន្យាតាំងចិត្តរបស់ខ្លួន ដើម្បីស្វែងរកការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង របស់កូរ៉េខាងជើង នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីសម្ព័ន្ធមិត្តទាំងបីដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ១៥កុម្ភៈ ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីលោក Marco Rubio បានជួបប្រជុំលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Choe Tae-yul និងអ្នកការទូតជាន់ខ្ពស់របស់ជប៉ុនលោក Takeshi Iwaya នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍នេះបាននិយាយថាក្រុមរដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះការរំសាយអាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើងស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCRs)។
ប្រភពដដែលបានបន្ថែមថា ប្រមុខការទូតទាំងបី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងភាពចាំបាច់ក្នុងការដោះស្រាយរួមគ្នាលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ការវាយប្រហារតាមអ៊ីនធឺណិត រួមទាំងការលួចប្រាក់ឌីជីថល ឬគ្រីបតូ និងការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី៕


