ដោយក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងថា អាទិភាពសន្តិសុខរបស់អាមេរិកស្ថិតនៅកន្លែងផ្សេង ក្រុមប្រទេសអឺរ៉ុបមួយចំនួនបាននិងកំពុងធ្វើការយ៉ាងស្ងៀមស្ងាត់លើផែនការបញ្ជូនទាហានចូលទៅក្នុងអ៊ុយក្រែន ដើម្បីជួយពង្រឹងដំណោះស្រាយសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី។
អង់គ្លេស និងបារាំង ស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងនេះ ទោះបីជាព័ត៌មានលម្អិតនៅមានតិចតួចក៏ដោយ។ បណ្តាប្រទេសដែលពាក់ព័ន្ធក្នុងកិច្ចពិភាក្សានោះ មានការស្ទាក់ស្ទើរក្នុងការរួមចំណែកលើផែនការនោះ ហើយប្រថុយនឹងភាពតានតឹងណាមួយ ប្រសិនបើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin យល់ព្រមក្នុងការចរចាបញ្ចប់សង្រ្គាម។
អ្វីដែលច្បាស់នោះគឺថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវការការធានាមួយថា សន្តិសុខរបស់ប្រទេសលោកនឹងត្រូវបានធានា រហូតទាល់តែមានសន្តិភាព។ ការការពារដ៏ល្អបំផុតគឺសមាជិកភាពណាតូ ដែលអ៊ុយក្រែនចង់បានជាយូរមកហើយ ប៉ុន្តែអាមេរិក បានដកជម្រើសនោះចេញពីតុចរចា។
ប្រហែលមួយឆ្នាំមុន អឺរ៉ុបបានចាប់ផ្តើមពិនិត្យមើលថា តើកម្លាំងប្រភេទណាដែលអាចត្រូវការលើសន្តិភាពក្រោយសង្រ្គាមរបស់អ៊ុយក្រែន ប៉ុន្តែភាពបន្ទាន់បានកើនឡើងខ្លាំងលើរឿងនេះ ស្របពេលមានកង្វល់ថា លោកប្រធានាធិបតីអាមេរិក Donald Trump អាចនឹងរំលងពួកគេ និងសូម្បីតែអ៊ុយក្រែនផងដែរ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី៕