វិទ្យាស្ថានស្តង់ដារកម្ពុជា បានបង្កើតស្ដង់ដាថ្មី និងកែសម្រួលស្តង់ដាចាស់ មានចំនួន ១.១៣២ ស្ដង់ដា ដែលស្តង់ដាក់នេះជាមូលដ្ឋានប្រើប្រាស់ និងឧបករណ៍ស្នូល សម្រាប់សម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ ការពារសុខភាព បរិស្ថាន និងចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មី។
តាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ក្នុងនោះសម្រាប់ ការងារអភិវឌ្ឍន៍ស្តង់ដា គឺបានចាត់ទុកជាកិច្ចការមួយដ៏សំខាន់ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើននូវប្រសិទ្ធភាពផលិតកម្ម គុណភាព និងសុវត្ថិភាពផលិតផល និងសេវាកម្ម និងប្រើប្រាស់ជាឧបករណ៍ស្នូល សម្រាប់សម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញ ផលិតផលទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសរួមចំណែកក្នុងការការពារសុខភាព សុវត្ថិភាពសាធារណៈ និងកាត់បន្ថយផលប៉ះ ពាល់ចំពោះបរិស្ថាន ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មី។
ចំពោះលទ្ធផលការងារអនុវត្តស្តង់ដា, វិទ្យាស្ថានស្តង់ដារកម្ពុជាបានអនុម័តស្តង់ដារួមមាន៖ ស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដាអគ្គិសនី និងអេឡិចត្រូនិច ២២៥, វិទ្យាសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៣៥, សំណង់ ៣៨, ផលិតផលយានយន្ត ៥៥, ផលិតផលកៅស៊ូ ៦២, ផលិតផលពីឈើ ៦៦, ក្រុមអនុវត្ត ៩, ស្តង់ដាវាក្យសព័្ទ១, ប្រព័ន្ធគ្រប់គ្រង ៤៤, ឌីជីថល ២០, គ្រឿងសំអាង ១២ និងវាយនភណ្ឌ ចំនួន ៤ បើគិតត្រឹមឆ្នាំ២០២៤ ដំណើរការរៀបចំ និងការអនុវត្តការងារស្ដង់ដា វិទ្យាស្ថានស្តង់ដារកម្ពុជា អនុម័ត ទាំងស្តង់ដាបង្កើតថ្មី និងកែសម្រួលស្តង់ដាចាស់មានចំនួន ១.១៣២ ស្ដង់ដា បានពង្រីកវិសាលភាពនៃការធ្វើតេស្តវិភាគចំនួន ៩.៦០៧ សំណាកផលិតផល។
ចំណែការងារវិញ្ញាបនបត្រកម្មវិញ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបញ្ជាក់ពីភាពអនុលោមរបស់ផលិតផលផលិតកម្ម និងសេវា កម្ម និងការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិត ផល ដែលត្រូវអនុវត្តក្រោមកិច្ចព្រមព្រៀងពាណិជកម្មសេរី ឬកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត តាមរយៈការចេញវិញ្ញាបនបត្រ ដើម្បី បញ្ជាក់ពីភាពអនុលោមរបស់ផលិតផល ប្រព័ន្ធគ្រប់គ្រងផលិតកម្ម និងប្រព័ន្ធគ្រប់គ្រងសេវាកម្ម ទៅនឹងការតម្រូវនៃស្តង់ដាកម្ពុជាដែល បានកំណត់ ដោយបានអនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៤ ក្នុងនោះវិញ្ញាបនបត្រកម្មផលិតផល៖ ចេញវិញ្ញាបនបត្រសរុប ២២៤ និង អាជ្ញាបណ្ណសរុប១០៩ រួមមាន៖ បានចេញវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ដោយសេរីលើផលិតផលម្ហូបអាហារ និងគ្រឿងសម្អាង ចំនួន ២២ វិញ្ញាបនបត្រ, បានចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្មចំនួន១២៧ មូលដ្ឋាន និងគំរូសំណាកផលិតផល តាមកិច្ចព្រមព្រៀង ១៤៨ គំរូសំណាក, បានចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមផលិតផល ចំនួន ៩៧ វិញ្ញាបនបត្រ (កម្រិតបឋម ៤៨ និងបញ្ជាក់ភាព អនុលោមផលិតផល ៤៩) សម្រាប់ផលិតផលម្ហូបអាហារ, បានចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមចំនួន ១០៥ វិញ្ញាបនបត្រ សម្រាប់ផលិតផលអគ្គិសនី និងអេឡិចត្រូនិក, ផលិតផលយានយន្ត និងសម្ភារសំណង់, និង បានចេញអាជ្ញាបណ្ណសម្រាប់ប្រើសញ្ញា បញ្ជាក់ផលិតផល ចំនួន ១០៩ អាជ្ញាបណ្ណ៕ អត្ថបទ៖ សុន រ៉ាឌី