នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូង និងសិង្ហបុរី បានចូលសមយុទ្ធចុះទឹកជាមួយថៃ និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំ Cobra Gold ។
សមយុទ្ធដែលធ្វើឡើងនៅតំបន់ឆ្នេរស្ថិតនៅភាគខាងកើតប្រទេសថៃនេះ បានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមច្រកអាកាស ការចុះទឹក និងការប៉ះទង្គិចហាត់សមរវាងកកម្លាំងការពារ និងវាយប្រហារដែលព្យាយាមដណ្តើមយកក្បាលឆ្នេររបស់ភាគីប្រឆាំង ។
លោកវរសេនីយ៍ឯក Stuart W. Glenn គឺជាមន្រ្តីបញ្ជាការនៃកងកម្លាំងឆ្លាស់វេនម៉ារីនប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សហរដ្ឋអាមេរិក និយាយថា តាមទស្សនៈរបស់សហរដ្ឋអាមេរិក ពួកយើងទទួលបានតិចនិក និងតាក់ទិកផ្សេងៗជាច្រើន ហើយនិងនិតិវិធីលើវិធីសាស្រ្តធ្វើការ មិនត្រឹមតែការចុះទឹកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបរិយាកាសពិសេសមួយចំនួនទៀតផងដែរនៅទីនេះ នៅក្នុងប្រទេសថៃ ។
លោកបន្តថា ជាមូលដ្ឋាន ពួកយើងធ្វើឲ្យខ្លួនឯងក្លាយជាដៃគូល្អប្រសើរជាងមុនសម្រាប់សម្ព័ន្ធមិត្តរបស់ពួកយើងនៅទីនេះ ជាមួយកងម៉ារីនភូមិន្ទថៃ ក៏ដូចជាដៃគូផ្សេងទៀតរបស់ពួកយើងមកពីកូរ៉េខាងត្បូង និងកងកម្លាំងប្រដាប់អាវុធសិង្ហបុរី ៕