នៅថ្ងៃទី២១ ខែមីនានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាCAIC បានទទួលអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៦០ស្ថាប័ន អញ្ជើញទស្សនាការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈព្រលានយន្តហោះថ្មីដ៏ធំមួយនេះ គឺមានបំណងចង់ប្រក្លាយខ្លួនជាមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិដ៏ធំ សម្រាប់ធ្វើដំណើរហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ។
ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានជាតិអន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់ ថ្លែងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ដែលកំពុងសាងសង់ជិតហើយរួចរាល់នេះ គឺបានជាប់លំដាប់ថ្នាក់ទី៩ នៃប្រលានយន្តហោះអន្តរជាតិលំដាប់4F ទាំងអស់លើពិភពលោក ខណៈដែលព្រលានយន្តហោះអន្តរជាតិតេជោថ្មីនៅកម្ពុជានេះគឺមានលទ្ធភាពទទួលជើងយន្តហោះប្រភេទA380 ដែលជាប្រភេទយន្តហោះខ្នាតធំអន្តរជាតិហោះឆ្លងទ្វីបអាចហោះមកចុះចតបាន។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងថា ថ្ងៃខាងមុខ យើងក៏មានបំណងចង់ប្រែក្លាយអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះឲ្យទៅមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិធ្វើដំណើរហោះឆ្លងកាត់ និងដឹកនាំទំនិញហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសផ្សេងៗទៀតផងដែរ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ ថ្លែងថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសាងសង់ក្នុងដំណាក់កាលទី១ហើយរួចរាល់ គឺគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា នឹងធ្វើការផ្លាស់ប្តូរទាំងអស់គ្នាពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ មកចុះចតនៅព្រលានថ្មីនេះទាំងអស់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗថ្មីបីបន្ថែមទៀត ក៏បានបើកជើងហោះហើរត្រង់ចុះចតនៅព្រលានថ្មីនេះផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាននិងកំពុងសាងសង់នៅលើទំហំដីជិត២៦០០ហិចតា ហើយដំណើរការសាងសង់មានបីដំណាក់កាល ហើយការសាងសង់ព្រលាននៅក្នុងដំណាក់កាលទី១ នេះ គឺបានសាងសង់ចំណាយអស់ថវិកាប្រមាណជិត២០០០លានដុល្លាអាមេរិច ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរអន្តរជាតិ ប្រមាណ១៥លាននាក់ ហើយតាមការគ្រោងទុក អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ស៊ុម សុខជា