ក្រុមសកម្មជន បាននិយាយកាលពីថ្ងៃចន្ទថា ការបាញ់ផ្លោងរបស់ទាហានប៉ារ៉ា ទៅលើទីក្រុង El-Fasher ដែលត្រូវបានឡោមព័ទ្ធរបស់ប្រទេសស៊ូដង់ នៅតំបន់ភាគខាងលិចនៃតំបន់ Darfur បានសម្លាប់ជនស៊ីវិលជាង ៣០នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស។
គណៈកម្មាធិការតស៊ូក្នុងតំបន់ ដែលជាក្រុមស្ម័គ្រចិត្តមួយ ក្នុងចំណោមក្រុមស្ម័គ្រចិត្តរាប់រយនាក់ ដែលសម្របសម្រួលជំនួយ នៅទូទាំងប្រទេសស៊ូដង់ បានអះអាងថា ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹង«ការបាញ់ផ្លោងដោយកាំភ្លើងធំ» និងបានកំណត់គោលដៅលើសង្កាត់លំនៅឋានរបស់ទីក្រុងនេះ។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក សង្រ្គាមរវាងកងទ័ព និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ១៣លាននាក់ ត្រូវបានជម្លៀស និងបានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិពិពណ៌នាថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត នៅក្នុងពិភពលោក។
ទីក្រុង El-Fasher ជារដ្ឋធានីរបស់រដ្ឋ North Darfur នៅតែជាទីក្រុងសំខាន់ចុងក្រោយ នៅក្នុងតំបន់ Darfur ដ៏ធំដែលក្រុមកងកម្លាំងយោធាប៉ារ៉ា មិនដណ្តើមបានគ្រប់គ្រងឡើយ។
កាលពីសប្តាហ៍មុន កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានចាប់ផ្តើមការវាយលុកជាថ្មីលើទីក្រុង និងជំរំភៀសខ្លួននៅក្បែរនោះ ចំនួនពីរគឺទីក្រុង Zamzam និង Abu Shouk បានបណ្តាលឲ្យមនុស្សជាង ៤០០នាក់ស្លាប់ និងជម្លៀសប្រជាជនប្រហែល ៤០០.000នាក់។ នេះបើយោងតាមអង្គការសហប្រជា ជាតិ។