ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី បានហាមឃាត់ សមាជិកសភាចក្រភពអង់គ្លេសចំនួន ២១រូប មិនឲ្យចូលប្រទេសនេះ ជុំវិញគោលនយោបាយប្រឆាំងទីក្រុងមូស្គូរបស់ទីក្រុងឡុងដ៍។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយប្រឈមមុខគ្នាដែលកំពុងបន្តរបស់ទីក្រុងឡុងដ៍ ដែលរួមមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់យើង ប្រឌិតរឿងប្រឆាំងរុស្ស៊ីជាច្រើន ក្នុងគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ទីក្រុងមូស្គូ នៅលើឆាកអន្តរជាតិ និងបន្តការផ្តល់អាវុធដល់របបណាហ្ស៊ីនិយម នៅទីក្រុងគីវ ជាការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើង ដើម្បីបញ្ចូលសមាជិកជាច្រើននៃសភាចក្រភពអង់គ្លេស នៅក្នុងបញ្ជីហាមឃាត់ «ដែលមានតំណាងរាស្ត្រ ២១រូប»។
ក្រសួងបានបញ្ជាក់ថា៖«ការងារដើម្បីពង្រីកបញ្ជីហាមឃាត់របស់រុស្ស៊ីនេះ នឹងត្រូវបានបន្ត»។
យោងតាមក្រសួងបានឲ្យដឹងថា ការប្រឆាំងនឹងរុស្ស៊ី និងបំណងប្រាថ្នា ចង់បំផ្លាញភាពជារដ្ឋរបស់រុស្ស៊ី នៅតែជាធាតុផ្សំនៃគោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេស ដែលត្រូវបានអនុលោមតាមគោលដៅនៃការបង្កខូចខាតឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ចំពោះផលប្រយោជន៍ជាតិរបស់រុស្ស៊ី។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ កំពុងតាមដានយ៉ាងដិតដល់នូវវោហាស័ព្ទ ប្រឆាំងរុស្ស៊ីដ៏ខ្លាំងក្លារបស់ទីក្រុងឡុងដ៍ ហើយកំពុងធ្វើការសន្និដ្ឋានយ៉ាងចាំបាច់។