អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន Le Point របស់បារាំងថា អឺរ៉ុបចង់បានសង្រ្គាម មិនមែនការចរចាទេ រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី មិនទាន់មានជំហរស្របគ្នាជាមួយពួកគេទេ។
លោក Peskov បាននិយាយថា៖«មិនមានជំហរស្របគ្នានាពេលបច្ចុប្បន្ននេះទេ ដោយសារអឺរ៉ុប ចង់ធ្វើ សង្រ្គាម មិនមែនការចរចាទេ។ យើងនឹងមិនចង់ឲ្យពួកគេធ្វើឲ្យស្ថានភាពនេះកាន់តែអូសបន្លាយពេលយូរតទៅទៀតទេ»។
យោងតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹងថា អឺរ៉ុប«មិនបានបង្ហាញសញ្ញានៃភាពឯករាជ្យឡើយ»។
លោក Peskov បានចង្អុលបង្ហាញថា៖«វាហាក់ដូចជាអឺរ៉ុបទាំងមូល ធ្វើការឲ្យរដ្ឋបាលរបស់លោក ចូ បៃ ដិន (Joe Biden)អញ្ចឹង! អឺរ៉ុបមិនមានអធិបតេយ្យភាពទេ ពួកគេបានធ្វើតាមអ្វីដែលរដ្ឋបាលរបស់លោក បៃដិន បានស្នើឲ្យធ្វើ ដូចជាប្រធានាធិបតីគ្រប់រូប នាយករដ្ឋមន្ត្រីគ្រប់រូប គឺជាទីប្រឹក្សារបស់លោកតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មានតែទីក្រុងវ៉ាស៊ីនតោនទេ ដែលបានដើរតួនាទីសំខាន់។