រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនធ្វើ «សង្រ្គាមផ្លូវគោក» នៅក្នុងប្រទេសយេម៉ែន ឬចូលរួមក្នុងការផ្លាស់ប្តូររបប នៅក្នុងប្រទេសនេះទេ។
លោកបាននិយាយថា៖«ប៉ុន្តែការធ្វើបែបនេះ គឺមិនមែនជាការកសាងប្រទេសទេ។ នេះមិនមែនជាសង្រ្គាមផ្លូវគោកទេ។ សង្រ្គាមនេះ គឺមិនចេះចប់ទេ។ នេះគឺមិនមែនជាការផ្លាស់ប្តូររបបទេ» ដោយបានអត្ថាធិប្បាយអំពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសយេម៉ែន ក្នុងសុន្ទរកថាទៅកាន់សិស្សនាយទាហាន នៅមហាវិទ្យាល័យសង្រ្គាមនៃកងទ័ពសហរដ្ឋអាមេរិក នៅទីក្រុង Carlisle រដ្ឋ Pennsylvania។
មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាមេរិករូបនេះ បានចង្អុលបង្ហាញថា៖«នេះគឺជាបេសកកម្មមានកំណត់ច្បាស់លាស់ ដែលត្រូវបានប្រតិបត្តិដោយគ្មានមេត្តា។ លោក Hegseth បាននិយាយថា៖«សាររបស់យើងទៅកាន់ក្រុមហ៊ួទី គឺច្បាស់លាស់ តាំងពីដំបូងមកម្ល៉េះ៖ គឺអនុញ្ញាតឲ្យនាវារបស់យើងចេញដំណើរ [ក្នុងតំបន់] ហើយយើងនឹងធ្វើការវាយប្រហារ ដើម្បីបញ្ឈប់អរិភាព»។ យោងតាមលោកបានឲ្យដឹងថា រហូតមកដល់ពេលនេះ យោធាអាមេរិក បានធ្វើការវាយប្រហារតាមអាកាសរាប់រយលើក នៅក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់មេដឹកនាំរបស់ក្រុមហ៊ួទី និងធ្វើឲ្យសក្តានុពលយោធាដ៏ខ្លាំងរបស់ចលនា Ansar Allah ចុះខ្សោយ។
យោធាអាមេរិក បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅរបស់ក្រុម ហ៊ួទី ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា តាមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump)។ ក្រុមហ៊ួទី គ្រប់គ្រងប្រហែលមួយភាគបីនៃទឹកដីរបស់យេម៉ែន។ យោងតាមទីក្រុងវ៉ាស៊ីនតោន ប្រតិបត្តិការនេះ មានគោលបំណងការពារផលប្រយោជន៍របស់អាមេរិក និងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍។