ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) បានប្រកាសថា រុស្ស៊ីបានបរិច្ចាគស្រូវសាលីចំនួន ៣០.000តោន ដល់ដែនដីរបស់លោក ហើយជំនួយទាំងអស់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។
ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាកណ្តាលនៃអង្គការរំដោះប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា លោក បាននិយាយថា៖«ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបរិច្ចាគស្រូវសាលីចំនួន ៣០.000តោន ដល់ពួកយើង។ សុន្ទរកថារបស់លោក ត្រូវបានផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ Al Hadath TV ។
លោក អាបាស បាននិយាយថា ជំនួយនេះ ត្រូវបានគេរំពឹងថា នឹង «មកដល់កំពង់ផែអ៊ីស្រាអែលនៅខែក្រោយ» បន្ទាប់មកវា នឹងត្រូវបានប្រគល់ទៅឲ្យរដ្ឋបាននៃអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់វេសបែង (West Bank) ហើយត្រូវបានបញ្ជូនទៅកាន់តំបន់ដែលលត្រូវបានហ៊ុមព័ទ្ធនេះ ។ លោកមិនបានបញ្ជាក់ពីរបៀប ឬពេលណាដែលស្រូវសាលីនេះ នឹងត្រូវបញ្ជូនទៅតំបន់ហ្កាហ្សា ដែលច្រកចូលទាំងអស់ ត្រូវបានបិទ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកបានចាត់ទុកថា វាចាំបាច់ត្រូវ«ដកការបិទផ្លូវនៅតំបន់ហ្កាហ្សាស្ទ្រីប ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» និងនាំយកជំនួយមនុស្សធម៌ចូល។
កាលពីថ្ងៃទី ០២ ខែមីនា អ៊ីស្រាអែល បានរារាំងការផ្គត់ផ្គង់ជំនួយមិនឲ្យទៅដល់តំបន់ហ្កាហ្សា និងបានបិទច្រកឆ្លងកាត់ទាំងអស់ បន្ទាប់ពីក្រុមហាម៉ាស បានបដិសេធមិនទទួលយកផែនការរបស់បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steven Witkoff ដើម្បីបន្តការចរចាស្តីពីបទឈប់បាញ់ នៅក្នុងទឹកដីនេះ។ មួយសប្តាហ៍ក្រោយមក រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលលោក Eli Cohen បានបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ហើយនៅថ្ងៃទី ១៨ ខែមីនា អរិភាពពេញលេញ បានបន្តឡើងវិញ នៅក្នុងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធនេះ បន្ទាប់ពីមានបទឈប់បាញ់រយៈពេលពីរខែ។