ប្រមុខអាជ្ញាធរប៉ាឡេស្ទីន លោក Mahmud Abbas កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) បានជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរទាំងអស់ ដោយលោកនិយាយថា ការបន្តឃុំពួកគេបាននាំឲ្យអ៊ីស្រាអែលយកធ្វើជា «លេស» ដើម្បីវាយប្រហារតំបន់ហ្កាហ្សា ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពដែលឆេះខ្លោចចេញ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ នៅកន្លែងផ្សេងៗទូទាំងដែនដីដែលត្រូវបានឡោមព័ទ្ធនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការរារាំងមិនឲ្យជំនួយចូល។
យុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានចាប់ផ្ដើមឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ដោយបញ្ចប់បទឈប់បាញ់ដែលបានជួយធ្វើឲ្យអរិភាពស្ងប់ស្ងាត់យ៉ាងច្រើន និងដែលបានឃើញចំណាប់ថ្នូរ ៣៣នាក់ ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ១.៨០០នាក់។
រហូតមកដល់ពេលនេះ កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់ថ្មី បានបរាជ័យមិនលេចចេញជាផ្លែផ្កាអ្វីឡើយ ខណៈដែលគណៈប្រតិភូក្រុមហាម៉ាស កំពុងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីព្យាយាមបើកការចរចាថ្មី ជាមួយអ្នកសម្របសម្រួល គឺអេហ្ស៊ីប និងកាតា។
នៅឯទីក្រុង Ramallah ដែលជាទីស្នាក់ការរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) ក្នុងតំបន់កាន់កាប់ West Bank របស់អ៊ីស្រាអែល លោក Abbas បានលើកឡើងថា៖ «ក្រុមហាម៉ាសបានផ្តល់ឱកាសឲ្យមានលេសកាន់កាប់ខុសច្បាប់ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មរបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយហេតុផលលេចធ្លោបំផុតនោះ គឺការឃុំខ្លួនចំណាប់ថ្នូរ»។ អមដោយការបន្ថែមថា មានអ្នកស្លាប់ជារៀងរាល់ថ្ងៃនោះ លោក Abbas បានសង្កត់ធ្ងន់ថា៖ «ខ្ញុំគឺជាមនុស្សម្នាក់ដែលរងផលប៉ះពាល់ ប្រជាជនរបស់យើង គឺជាជនរងគ្រោះ មិនមែនអ៊ីស្រាអែលនោះទេ។ (បងប្អូនរបស់ខ្ញុំអើយ) សូមមេត្តា ដោះលែងពួកគេទៅ»៕