ប្រទេសចិន កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) បានរិះគន់ធ្ងន់ៗ ចំពោះការអនុវត្តពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកថា ជាវិធានការ «បំពាន» និង «សម្លុតកំហែង» ក្នុងសុន្ទរកថាដ៏ក្ដៅគគុក នៅអង្គការសហប្រជាជាតិ (UN) ជាការចោទប្រកាន់ដែលត្រូវបានច្រានចោលដោយទីក្រុងវ៉ាស៊ីនតោន ដោយបានយកការរិះគន់របស់ខ្លួនទម្លាក់ទៅលើគោលនយោបាយរបស់គូប្រជែង គឺទីក្រុងប៉េកាំង។
នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខក្រៅផ្លូវការ ស្តីពីការប្រើប្រាស់ការបំភិតបំភ័យ ក្នុងទំនាក់ទំនងអន្តរជាតិ លោក Fu Cong ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំង ប្រចាំនៅ UN បានប្រាប់ថា៖ «គោលការណ៍ឯកតោភាគីនិយម កំពុងកើនឡើង ហើយការអនុវត្តបំពាន កំពុងរីករាលដាល ការផ្ដល់បញ្ហាប្រឈមដោយឥតអៀនខ្មាសដល់សណ្ដាប់ធ្នាប់ពិភពលោកដែលត្រូវបានគាំទ្រដោយច្បាប់អន្តរជាតិ កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់ពិភពលោក»។
បេសកជនមានគោលបំណងសំដៅទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយលោក Donald Trump «ផ្ដល់ការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក» ដោយការដាក់ចេញនូវអត្រាពន្ធដ៏គួរឲ្យភ្ញាក់ផ្អើលដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន។
លោក Fu បាននិយាយថា៖ «ក្រោមការក្លែងបន្លំនៃ ចំណាត់ការបដិការ និងយុត្តិធម៌ សហរដ្ឋអាមេរិកកំពុងលេងហ្គេមផលបូកសូន្យ ដែលមានសារៈសំខាន់ក្នុងការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលមានស្រាប់ តាមរយៈពន្ធគយរបស់ខ្លួន និងជំរុញផលប្រយោជន៍អនុត្តរភាពរបស់ខ្លួន»។
លោក Fu បានចោទសួរថា តើយើងគួរគោរពតាមច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ឬយើងគួរតែត្រលប់ទៅភាពមិនមានច្បាប់ទម្លាប់ ដែលអ្នកខ្លាំងយកប្រៀបលើអ្នកទន់ខ្សោយ?។ ដោយព្រមានប្រឆាំងនឹងការរីករាលដាល «មិនបានត្រួតពិនិត្យ» នៃគោលការណ៍ឯកតោភាគី ប្រេសិតរូបនេះ បានសង្កត់ធ្ងន់ថា ការដាក់អត្រាពន្ធខ្ពស់ គឺស្មើនឹង «បង្វិលកង់ប្រវត្តិសាស្ត្រ»។ លោក Fu បានបន្ថែមថា៖ «ទម្រង់នៃសម្ពាធអតិបរិមា ការគំរាម ឬការសម្លុតកំហែង មិនមែនជាមធ្យោបាយត្រឹមត្រូវ ក្នុងការមកពាក់ព័ន្ធជាមួយប្រទេសចិននោះឡើយ»៕