ឥណ្ឌាបានបិទច្រកឆ្លងកាត់ព្រំដែនគោករបស់ខ្លួនជាមួយប៉ាគីស្ថាន ក្រោយក្រុមជីវពលសម្លាប់មនុស្ស ២៦នាក់នៅតំបន់គោលដៅទេសចរណ៍ក្នុងតំបន់កាស្មៀរ ។
ប៉ុស្តិ៍ត្រួតពិនិត្យរួមនៅព្រំដែនភាគខាងជើង Attari-Wagah ត្រូវបានបិទនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយទីក្រុងញូវដែល្លី ប្រកាសវិធានការជាច្រើន ដើម្បីបន្ទាបទំនាក់ទំនងការទូតជាមួយប៉ាគីស្ថាន ។
ពលរដ្ឋឥណ្ឌាមួយគ្រួសារដែលធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានក្នុងគោលបំណងផ្ទាល់ខ្លួន បានបង្ខំចិត្តវិលត្រឡប់មកវិញ ក្រោយទទួលបានដំណឹងថា ការឆ្លងកាត់ព្រំដែនត្រូវបានផ្អាក ។
ទំនាក់ទំនងការទូតរវាងប្រទេសជិតខាងអាស៊ីខាងត្បូងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ បានធ្លាក់ចុះ តាំងពីមុនវិធានការចុងក្រោយមួយនេះត្រូវបានប្រកាស ពេលដែលប៉ាគីស្ថានបណ្តេញប្រេសិតពិសេសឥណ្ឌា ហើយនិងមិនតែងតាំងឯកអគ្គរដ្ឋទូតខ្លួនឯងប្រចាំនៅទីក្រុងញូវដែល្លី ក្រោយឥណ្ឌាដកចេញស្ថានការពិសេសរបស់តំបន់កាស្មៀរកាលពីឆ្នាំ ២០១៩ ។
ការវាយប្រហារកាលពីថ្ងៃអង្គារ ត្រូវបានគេមើលឃើញផងដែរថាជាដំណើរថយក្រោយមួយចំពោះអ្វីដែលនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់លោក បានព្យាករណ៍ថាជាសមិទ្ធិផលដ៏ធំមួយក្នុងការដកចេញស្ថានការពាក់កណ្តាលស្វយ័តរបស់ដែនដីចាមមូ និងកាស្មៀរ ហើយនិងនាំសន្តិភាព-ការអភិវឌ្ឍដល់តំបន់ភាគច្រើនជាជនមូស្លីមមានបញ្ហាជាយូរមួយនេះ ៕