ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) បានច្រានចោលការរិះគន់ថ្មីរបស់សហរដ្ឋអាមេរិក ដោយបានបង្ហោះសេចក្តីប្រកាសឆ្នាំ២០១៨ របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលបដិសេធការបញ្ចូលឧបទ្វីបគ្រីម៉ាជាដែនដីឧបសម្ព័ន្ធរបស់រុស្ស៊ី។
សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា សហរដ្ឋអាមេរិកអាចទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ី នៅឧបទ្វីបសមុទ្រខ្មៅ ដែលទីក្រុងមូស្គូបានដណ្ដើមកាន់កាប់ពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ និងបានទាមទារជាដែនដីរបស់ខ្លួន មុនពេលចាប់ផ្តើមការលុកលុយពេញបន្ទុកលើអ៊ុយក្រែន នៅឆ្នាំ២០២២។
អនុប្រធានាធិបតី លោក J.D. Vance បានដាក់ចេញនូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលរុស្ស៊ីនឹងបន្តទទួលបានការគ្រប់គ្រងដែនដីអ៊ុយក្រែនដែលបានកាន់កាប់រួចហើយ ក្នុងនោះរួមទាំងតំបន់គ្រីម៉ាផងដែរ។
នៅថ្ងៃទី២៤ ខែមេសា លោក Trump បាននិយាយថា ការបដិសេធរបស់លោក Zelensky ក្នុងការមិនទទួលយកការកាន់កាប់របស់រុស្ស៊ី នៅគ្រីម៉ា គឺធ្វើឲ្យមានហានិភ័យដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម។
លោក Zelensky បានឆ្លើយតបដោយការបង្ហោះនៅលើបណ្ដាញសង្គមនូវ «សេចក្តីប្រកាសឆ្នាំ២០១៨ ពាក់ព័ន្ធនឹងគ្រីម៉ា» របស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋបាលលោក Trump ដែលពេលនោះគឺលោក Mike Pompeo។ សេចក្ដីប្រកាសនោះ រៀបរាប់ថា សហរដ្ឋអាមេរិក «បដិសេធការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការបញ្ចូលឧបទ្វីបគ្រីម៉ាជាដែនដីឧបសម្ព័ន្ធ ហើយសន្យារក្សាគោលនយោបាយនេះរហូតដល់បូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវបានស្តារឡើងវិញ»៕