លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា អង្គការណាតូ( NATO) កំពុងពង្រឹងវត្តមានរបស់ខ្លួននៅជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី និងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ដោយបានបង្កើតជា«មូលដ្ឋានការពារពីការវាយប្រហារ» យ៉ាងមានប្រសិទ្ធភាព។
លោក Shoigu បាននិយាយថា៖«កាលពីឆ្នាំមុន កងកម្លាំងយោធានៃប្រទេសណាតូ ដែលដាក់ពង្រាយនៅជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី បានកើនឡើងជិត ២,៥ដង»។
«ការពង្រឹងវត្តមានរបស់អង្គការនេះ រួមបញ្ចូលទាំងការអភិវឌ្ឍយ៉ាងជាប់លាប់នៃហេដ្ឋារចនាសម្ព័ន្ធយោធា នៅទូទាំងរដ្ឋនៅអឺរ៉ុបខាងកើត ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលយុទ្ធសាស្ត្រ និងវិធានការនានា ក្នុងគោលបំណងរក្សាការត្រៀមខ្លួនប្រយុទ្ធខ្ពស់នៃសមត្ថភាពនុយក្លេអ៊ែរតាក់ទិចនៅអឺរ៉ុប»។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា អង្គការណាតូ កំពុងផ្លាស់ប្តូរទៅកាន់ប្រព័ន្ធត្រៀមប្រយុទ្ធថ្មី ដែលមានសមត្ថភាពដាក់ពង្រាយកម្លាំងចំនួន ១០០.០០០ នាក់ ក្នុងរយៈពេល ១០ថ្ងៃ កម្លាំង ៣០ម៉ឺននាក់ក្នុងរយៈពេល ៣០ថ្ងៃ និងរហូតដល់ ៨០០.០០០នាក់ បន្ទាប់ពីរយៈពេល ១៨០ ថ្ងៃ។ លោក Shoigu បានកត់សម្គាល់ឃើញថា៖«សមត្ថភាពប្រតិបត្តិការទាំងនេះ ត្រូវបានសាកល្បងដោយបើកចំហ ក្នុងអំឡុងពេលសមយុទ្ធ ដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៣- ២០២៤»។