គិតចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវទទួលខុសត្រូវលើគន្លងវិជ្ជាជីវៈនៅតាមវិទ្យាល័យមួយចំនួន ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម។ ក្នុងនោះ ក្រសួងក៏គ្រោងនឹងបង្កើតឲ្យមានរោងជាងមួយចំនួនផងដែរនៅថ្នាក់អនុវិទ្យាល័យ ដើម្បីលើកម្ពស់ការយល់ដឹងដល់យុវជនដែលងាយបោះបង់ការសិក្សា ខណៈជីវភាពមានកម្រិត។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» កាលពីកន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា គម្រោងខាងលើនេះ ដើម្បីធ្វើម៉េចអាចជួយទៅដល់សិស្សមួយចំនួនដែលតាមរយៈស្ថិតិ គឺក្រោយថ្នាក់ទី៩ អាចមានសិស្សមួយចំនួនសម្រេចបោះបង់ចោលការសិក្សាដើម្បីទៅជួយឪពុកម្តាយ ឬមួយក៏ស្វែងរកការងារធ្វើតែម្តង ដូច្នេះការដាក់ឲ្យមានរោងជាងមួយចំនួននៅតាមអនុវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម គឺនឹងអាចជួយឲ្យយុវជនទាំងអស់នោះ ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញខ្លីណាមួយ ឲ្យមានជំនាញសមរម្យណាមួយដើម្បីទៅធ្វើការតាមតំបន់សេដ្ឋកិច្ច ឬមួយក៏សួនឧស្សាហកម្មដែលនៅផ្ទះពួកគាត់តែម្តង ដូច្នេះធ្វើឲ្យគាត់អាចមានផលិតភាពជាងមុន ហើយមានជំនាញដែលអាចឆ្លើយតបទៅនឹងឧស្សាហកម្មដែលនៅឯសហគមរបស់ពួកគាត់។ ភារកិច្ចទាំងនេះ ក៏តំរូវឲ្យគ្រូបច្ចេកទេសទាំងអស់ ត្រូវរួមគ្នាដើម្បីសសេរមេរៀនសម្រាប់សិស្សថ្នាក់ទី១០ ទី១១ និងទី១២ ដើម្បីឈានសម្រេចឲ្យបានលើការបណ្តុះបណ្តាលជំនាញកាន់តែមានប្រសិទ្ធិភាពជាងមុនបន្ថែមទៀត។
សូមបញ្ជាក់ថា ពាក់ព័ន្ធការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េតនេះ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានទទួលពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរី (GEMSET Award) ដែលឆ្លុះបញ្ចាំងពីការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ។ ការងារនេះ ក៏ជាការឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា។ បន្ថែមពីនេះ បានសបញ្ជាក់យ៉ាងច្បាស់ អំពីដំណើរវិវត្តវិជ្ជមាន នៃការឆ្លើយតបនឹងចំណុចអាទិភាព "មនុស្ស" ដែលបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី១ "ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី