ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងការនាំចេញ និងនាំចូលផលិតផលខ្មែរជាមួយនឹងទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក សម្ដេចចោទសួរថា តើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធពីអាមេរិកឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ គឺមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសាកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងគេងចំណេញពីអាមេរិកច្រើន ហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា ៩៧% គឺជាភាពលំអៀងនៃឱនភាពពាណិជ្ជកម្ម មិនមែនជាការដាក់ពន្ធចំពោះអាមេរិកនោះទេ។ ពន្ធដែលកម្ពុជាដាក់ចំពោះអាមេរិកច្រើនបំផុត ៣០% ក្នុងនោះមានដូចជាទំនិញលើស្រាជាដើម ហើយក៏មានទំនិញមួយចំនួនជាប់ពន្ធសូន្យភាគរយផងដែរដូចជាគ្រឿងបម្លាស់ទូរស័ព្ទមួយចំនួន។ ចំណែកអាមេរិកដាក់ពន្ធ ៤៥% មកលើកម្ពុជាគឺអាមេរិកយក ៩៧% ចែកនឹងពីរ។