ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ី បានបញ្ជាក់ជាលើកដំបូងថា ប្រទេសរបស់លោកបានដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយការអះអាងនេះ កើតមាននៅថ្ងៃអាទិត្យ (ទី២៧ ខែមេសា) ជាពេលដែលលោកបានរាយការណ៍ថា ទីក្រុងមូស្គូបានដណ្ដើមគ្រប់គ្រងបានវិញទាំងស្រុងលើតំបន់ Kursk ដែលមុននោះបានកាន់កាប់ដោយផ្នែកៗ។
អំឡុងសន្និសីទតាមវីដេអូជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងជើង ប្រមុខអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បាននិយាយថា៖ «ខ្ញុំចង់បង្ហាញពីការចូលរួមរបស់ទាហានមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ក្នុងការជួយរំដោះតំបន់ព្រំដែន Kursk»។
ហើយបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវិមានក្រឹមឡាំង បានឲ្យដឹងថា លោក Gerasimov បាននិយាយថា កងទ័ពនេះ «បានផ្តល់ជាជំនួយយ៉ាងសំខាន់ ដើម្បីកម្ចាត់ក្រុមលុកលុយនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
គួររំលឹកថា ទីក្រុងគីវបានបើកការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលចូលទៅក្នុងតំបន់ Kursk ក្នុងខែសីហា ឆ្នាំ២០២៤ ហើយបានដណ្តើមកាន់កាប់តំបន់នេះប្រហែល ១.៣០០គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលប្រហែល ២សប្តាហ៍។ ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមឡើងជាង ២ឆ្នាំ ក្រោយរុស្ស៊ីបានបើកការលុកលុយអ៊ុយក្រែនពេញបន្ទុក ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោក Gerasimov បានបញ្ជាក់ថា ទាហានកូរ៉េខាងជើង បានអនុវត្ត «បេសកកម្មប្រយុទ្ធជាមួយទាហានរុស្ស៊ី ដោយបង្ហាញពីការមានវិជ្ជាជីវៈខ្ពស់ ភាពរឹងមាំ ភាពក្លាហាន និងវីរភាព ក្នុងការទប់ទល់នឹងការលុកលុយរបស់អ៊ុយក្រែន»។
គួរដឹងថា កងទ័ពរបស់កូរ៉េខាងជើង បានចូលមកពាក់ព័ន្ធក្នុងជម្លោះនេះ បន្ទាប់ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលមានឈ្មោះថា សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានចុះហត្ថលេខា នៅខែមិថុនា ឆ្នាំ២០២៤ ដោយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងលោក Putin៕