នគរបាលក្រុងបាននិយាយកាលពីថ្ងៃអាទិត្យ (២៧ មេសា) ថា មនុស្សយ៉ាងហោចណាស់ ១១នាក់ ដែលមានអាយុចន្លោះពី ៥ឆ្នាំ ទៅ ៦៥ឆ្នាំ បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅពេលបុរសម្នាក់ដែលមានប្រវត្តិបញ្ហាសុខភាពផ្លូវចិត្ត បានបើករថយន្ត SUV មួយគ្រឿងទៅបំបុកហ្វូងមនុស្សនៅឯពិធីបុណ្យមួយរបស់សហគមន៍ហ្វីលីពីន នៅក្នុងទីក្រុង Vancouver ភាគខាងលិចប្រទេសកាណាដា។
នគរបាលបានចាប់ខ្លួនបុរសវ័យ ៣០ឆ្នាំម្នាក់ ដែលជាអ្នករស់នៅទីក្រុង Vancouver នោះ នៅនឹងកន្លែងកើតហេតុកាលពីល្ងាចថ្ងៃសៅរ៍ ដោយពណ៌នា ជនសង្ស័យរូបនេះថាមាន "ប្រវត្តិសំខាន់ៗ" នៃអន្តរកម្មជាមួយអាជ្ញាធរពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្ត ហើយពុំមានភស្តុតាងនៃអំពើភេរវកម្មក្នុងហេតុការណ៍នេះទេ។
លោក Steve Rai ប្រធាននគរបាលបណ្ដោះអាសន្ននៅទីក្រុង Vancouver បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យថា មនុស្សរាប់សិបនាក់បានរងរបួស ដោយអ្នកខ្លះធ្ងន់ធ្ងរខ្លាំង ហើយព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងក្នុងពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ។ គិតត្រឹមរសៀលថ្ងៃអាទិត្យ លោក Rai និយាយថា លោកមិនជឿថានៅមានការគំរាមកំហែងជាបន្តទៀតចំពោះសហគមន៍នេះទេ។
មន្ត្រីនគរបាលជាង ១០០នាក់ បានចូលរួមនៅក្នុងការស៊ើបអង្កេតនេះ ខណៈក្រុមមន្ត្រីមូលដ្ឋានបានធ្វើការជាមួយអាជ្ញាធរខេត្ត និងសហព័ន្ធដើម្បីផ្តល់ការគាំទ្រ។ សារចូលរួមរំលែកទុក្ខ និងគាំទ្រ បានហូរចូលកាណាដា ពីជុំវិញពិភពលោក៕