ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (២៧ មេសា) បានជំរុញរុស្ស៊ី ឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈប្រមុខការទូតរបស់អាមេរិក ក៏បានគំរាមជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប្រសិនបើខ្លួនមើលមិនឃើញមានវឌ្ឍនភាពទេនោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋ New Jersey លោក Trump បាននិយាយថា លោកខកចិត្តខ្លាំងដែលរុស្ស៊ី នៅតែបន្តវាយប្រហារអ៊ុយក្រែន ហើយបានលើកឡើងថា កិច្ចពិភាក្សាទល់មុខគ្នារបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅឯបុរីវ៉ាទីកង់ កាលពីថ្ងៃសៅរ៍ បានដំណើរការទៅយ៉ាងល្អ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលលោក Trump អាចនឹងបោះបង់ចោលនូវការប៉ុនប៉ងរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន មិនដំណើរការទៅមុខលើរឿងនេះ។ លោកលើកឡើងថា “អាមេរិកមិនអាចបន្តលះបង់ពេលវេលា និងធនធានសម្រាប់កិច្ចប្រឹងប្រែងនេះបានទេ ប្រសិនបើមិនទទួលបានផ្លែផ្កា”។
គួរឱ្យដឹងថា លោក Trump និងលោក Zelenskiy បានទៅទីក្រុងរ៉ូម សម្រាប់ពិធីបុណ្យព្រះសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស ហើយបានជួបប្រជុំគ្នានៅវិហារ Basilica បុរីវ៉ាទីកង់ កាលពីថ្ងៃសៅរ៍ ដើម្បីព្យាយាមស្តារឡើងវិញនូវកិច្ចខិតខំដ៏លំបាកដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជំនួបនេះគឺជាលើកទីមួយហើយរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីកិច្ចប្រជុំដែលទាស់សម្ដីគ្នាយ៉ាងខ្លាំងនៅក្នុងការិយាល័យសេតវិមាន កាលពីខែកុម្ភៈ ហើយជំនួបនេះក៏កើតមានក្នុងពេលដ៏សំខាន់មួយក្នុងការចរចាដើម្បីបញ្ចប់ជម្លោះ៕