ប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នានៅផ្ទះបាយស៊ុបមួយនៅកណ្តាលតំបន់ហ្កាហ្សា ដើម្បីទទួលអាហារក្តៅៗ។ មនុស្សជាច្រើនបានកាន់ឆ្នាំងទទេរង់ចាំវេនរបស់ពួកគេដើម្បីទទួលបានម្ហូបអាហារ។
ប្រធានការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) លោក Jonathan Whittall បាននិយាយកាលពីចុងសប្ដាហ៍ថា ស្ថានភាពនៅប៉ុន្មានថ្ងៃខាងមុខនៅហ្កាហ្សានឹងរឹតតែធ្ងន់ធ្ងរ ក្រោមការបិទផ្លូវទាំងស្រុង។
លោកបានបន្ថែមថា អ្នកដែលមិនត្រូវបានសម្លាប់ដោយគ្រាប់បែក និងគ្រាប់កាំភ្លើង កំពុងស្លាប់បន្តិចម្តងៗដោយសារអត់អាហារ។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានអនុញ្ញាតឱ្យអ្នកកាសែតទៅមើលឃ្លាំងសំខាន់ៗរបស់ខ្លួន ដែលហាក់ដូចជាគ្មានជំនួយស្បៀងអាហារ រួមទាំងម្សៅ ផងដែរ។
ចាប់តាំងពីថ្ងៃទី ២មីនាមក អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងដល់ប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយស្បៀងអាហារដែលស្តុកទុកក្នុងអំឡុងពេលបទឈប់បាញ់នៅដើមឆ្នាំនេះ ជិតអស់ហើយ។
OCHA បានព្រមានថាការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងតំបន់ហ្កាហ្សាកំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំង ខណៈអត្រាកង្វះអាហារូបត្ថម្ភកើនឡើងយ៉ាងឆាប់រហ័ស។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ UNRWA បាននិយាយថា នេះគឺជារយៈពេលវែងបំផុតនៃការបិទលំហូរជំនួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយកត់សម្គាល់ថាអាហារ ទឹកស្អាត ទីជម្រក និងការថែទាំសុខភាព ខ្វះខាតកាន់តែខ្លាំង៕