ទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងខ្ពស់ក្នុងការចាប់ផ្តើមបើកវគ្គជួញដូរនៅថ្ងៃចន្ទ ២៨មេសាសប្ដាហ៍នេះ ស្របពេលភាពច្របូកច្របល់លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានបង្ហាញពីសញ្ញាធូរស្រាលតិចតួច។
នៅប្រទេសជប៉ុន សន្ទស្សន៍ភាគហ៊ុន Nikkei 225 បានកើនឡើង ០,៧២ % ដល់ ៣៥.៩៦២,៨០បន្ទាប់ពីផ្សារហ៊ុនបានបើកនៅពេលព្រឹក។
នៅក្នុងប្រទេសកូរ៉េខាងត្បូង សន្ទស្សន៍តម្លៃភាគហ៊ុនកូរ៉េ(KOSPI) បានបើកឡើងក្នុងចំនួន៤,៦៧ពិន្ទុ ឬ០,១៨% នៅត្រឹមតម្លៃ ២.៥៥០,៩៧ គិតត្រឹមម៉ោង០០៥០ម៉ោងសកល។
សន្ទស្សន៍ភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានបើកនៅ២២.០៧២,៩១ពិន្ទុ ឬ ០,៤២% ខ្ពស់ជាង២១.៩៨០,៧៤។
ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងលើពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ភស្តុតាងជាក់ស្តែងគឺនៅខ្វះខាត។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បានបរាជ័យកាលពីថ្ងៃអាទិត្យដើម្បីគាំទ្រការអះអាងរបស់លោក Trump ដែលថាកិច្ចពិភាក្សាពន្ធគយជាមួយប្រទេសចិនកំពុងដំណើរការ។ប្រទសចិន បានប្រកាសថាពុំទាន់មានការពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិកជុំវិញសង្រ្គាមពាណិជ្ជកម្មនៅឡើយទេ៕