ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាសមុទ្រ លោក Nikolay Patrushev បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ទីក្រុងគីវ ទទួលខុសត្រូវចំពោះការបង្កអស្ថិរភាព នៅសមុទ្រខ្មៅ។
លោកបាននិយាយថា៖«ទាំងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចាប់អារម្មណ៍ក្នុងការធានាសន្តិសុខនៃចរាចរណ៍ផ្លូវសមុទ្រ នៅសមុទ្រខ្មៅ» នៅពេលត្រូវបានសួរថាតើស្ថានភាពជុំវិញការធ្វើនាវាចរណ៍ នៅសមុទ្រខ្មៅ អាចមានភាពប្រសើរឡើង នៅក្នុងបរិបទនៃកិច្ចចរចារុស្ស៊ី-អាមេរិក ដែលកំពុងបន្តដែរឬទេ។ «ជំហានបន្ទាប់ គួរតែត្រូវបានធ្វើឡើងដោយទីក្រុងគីវ»។
លោក Patrushev បានបន្ថែមថា៖«ជាការច្បាស់ណាស់ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ និងទាហានស៊ីឈ្នួលរបស់អ៊ុយក្រែន គឺជាកត្តាអស្ថិរភាពដ៏សំខាន់ នៅក្នុងតំបន់សមុទ្រខ្មៅ»
គំនិតផ្តួចផ្តើមសមុទ្រខ្មៅ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ មានគោលបំណង ផ្តល់នូវច្រករបៀងសុវត្ថិភាពសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ និងក៏បន្ធូរបន្ថយការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ីផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ត្រូវបាននាំយកទៅបណ្តាប្រទេស នៅអឺរ៉ុប ផ្ទុយនឹងកិច្ចព្រមព្រៀងនេះ ខណៈដែលគោលដៅសំខាន់នៃកិច្ចព្រមព្រៀង គឺការធានាដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដល់ប្រទេសដែលត្រូវការ មិនត្រូវបានសម្រេចទេ។ លើសពីនេះទៅទៀតនោះ ការប្តេជ្ញាចិត្តចំពោះរុស្ស៊ី មិនត្រូវបានអនុវត្ត ហេតុនេះហើយជំរុញឲ្យទីក្រុងមូស្គូ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នៅខែកក្កដា ឆ្នាំ២០២៣។
នៅថ្ងៃទី ២៤ ខែមីនា តំណាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដើម្បីពិភាក្សាអំពីការបន្តគំនិតផ្តួចផ្តើមសមុទ្រខ្មៅ។ នៅថ្ងៃទី ២៥ ខែមីនា វិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការពិគ្រោះយោបល់របស់អ្នកជំនាញជាមួយទីក្រុងវ៉ាស៊ីនតោនដោយបានប្រកាសថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តធ្វើការឆ្ពោះទៅរកសន្តិភាព យូរអង្វែង។