បន្ទាប់ពីរយៈពេល ១០០ថ្ងៃនៃការបង្កឲ្យមានភាពចលាចលផ្នែកនយោបាយ និងភាពរំជើបរំជួលខាងសេដ្ឋកិច្ច ជាអ្វីដែលបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងលឿននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump សង្ឃឹមថា នឹងទទួលបាននូវការសរសើរទាំងស្រុងឡើងវិញពីអ្នកគាំទ្ររបស់លោក នៅថ្ងៃទី២៩ ខែមេសា នៅក្នុងព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗរបស់លោកដែលនោះគឺការជួបជុំជាសាធារណៈ។
ដើម្បីរៀបចំព្រឹត្តិការណ៍ជានិមិត្តរូប នៅក្នុងអាណត្តិទី២ របស់លោក គណបក្សសាធារណរដ្ឋកំពុងទៅមើលទីតាំងនៃព្រឹត្តិការណ៍យុទ្ធនាការចុងក្រោយមួយរបស់លោក នៅក្នុងរដ្ឋ Michigan ជារដ្ឋប្រទាញប្រទង់ដែលលោកទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតខែវិច្ឆិកា។
ដោយសំដៅទៅលើទីប្រឹក្សា និងសមាជិកគណៈរដ្ឋមន្ត្រី ដែលលោកចាត់ទុកថា ជាជំនួយការគ្មានសមត្ថភាព ឬមិនស្មោះត្រង់នៅក្នុងអាណត្តិដំបូងរបស់លោក លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី The Atlantic ថា៖ «លើកទី១ ខ្ញុំមានកិច្ចការចំនួន២ ដែលត្រូវធ្វើ នោះគឺ គ្រប់គ្រងប្រទេស និងធ្វើយ៉ាងណាឲ្យខ្លួនឯងរួចជីវិត»។ លោកបានបន្ថែមថា៖ «តែលើកទី២ ខ្ញុំគ្រប់គ្រងប្រទេស និងពិភពលោក។ ខ្ញុំរីករាយសប្បាយចិត្តណាស់»។
នៅក្នុងដំណើរការគោលនយោបាយ លោកបានចោទជាសំណួរ ពាក់ព័ន្ធនឹងភាពជាពលរដ្ឋពីកំណើត បង្ក្រាបជនអន្តោប្រវេសន៍ វាយប្រហារសាកលវិទ្យាល័យ និងក្រុមហ៊ុនច្បាប់ ទម្លាក់គោលនយោបាយបរិស្ថាន ប្រគល់សិទ្ធិអំណាចឲ្យសម្ព័ន្ធមិត្តមហាសេដ្ឋីរបស់លោក គឺលោក Elon Musk រុះរើផ្នែកធំៗនៃការិយាធិបតេយ្យសហព័ន្ធ ហើយបានចាប់ផ្តើមការវាយលុកពាណិជ្ជកម្មគាំពារនិយមលើប្រទេសជាច្រើន មុនពេលដកវាចេញដោយផ្នែកៗ។ លោក Trump បានសាងអាជីពនយោបាយរបស់លោកដោយការធ្វើឲ្យមានភាពបែកបាក់កាន់តែខ្លាំងឡើងៗ ពោលគឺជនជាតិអាមេរិកមានទាំងអ្នកស្រឡាញ់លោក និងស្អប់លោក ដូច្នេះហើយទាំងនេះមិនអាចអះអាងបានថា ជា ១០០ថ្ងៃដំបូងរបស់ប្រធានាធិបតីអាមេរិក ដែលពេញទៅដោយភាពរីករាយនោះទេ។
ការស្ទង់មតិជាច្រើន បានបង្ហាញលទ្ធផលដូចគ្នាពីការធ្លាក់ចុះយ៉ាងលឿននូវប្រជាប្រិយភាពរបស់លោក ដែលជំរុញដោយក្ដីបារម្ភអំពីពន្ធគយ និងការវាយប្រហាររបស់លោកលើសណ្ដាប់ធ្នាប់ស្ថាប័ននានា។ អ្នកឆ្លើយតប ៦៤ភាគរយពេញ បាននិយាយថា លោក «កាន់តែជ្រុលហើយ» នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីពង្រីកអំណាចប្រធានាធិបតី៕