មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន កាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា) បានប្រាប់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា អ៊ីស្រាអែលកំពុងបិទខ្ទប់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កហ្សា ជា «អាវុធនៃសង្គ្រាម» ដោយការលើកឡើងនេះកើតមាននៅដើមសប្តាហ៍នៃសវនាការ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN)។
អ៊ីស្រាអែលមិនបានចូលរួមក្នុងដំណើការនៅ ICJ នេះទេ ប៉ុន្តែបានរិះគន់យ៉ាងខ្លាំងភ្លាមៗ ដោយច្រានចោលសវនាការនេះថា ជាផ្នែកមួយនៃការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធ និងការធ្វើឲ្យបាត់ភាពស្របច្បាប់របស់ប្រទេស។
ICJ កំពុងស្តាប់ការរៀបរាប់ពីប្រទេស និងអង្គការរាប់សិប ដើម្បីបង្កើតនូវអ្វីដែលហៅថា មតិយោបល់ផ្ដល់ប្រឹក្សា ស្តីពីកាតព្វកិច្ចមនុស្សធម៌របស់អ៊ីស្រាអែល ចំពោះប៉ាឡេស្ទីន ដែលមានរយៈពេលលើសពី ៥០ថ្ងៃហើយ ពាក់ព័ន្ធនឹងការទប់ស្កាត់ទាំងស្រុងរបស់ប្រទេសនេះមិនឲ្យជំនួយចូលទៅតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម។
មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន លោក Ammar Hijazi បានប្រាប់ចៅក្រមថា៖ «ហាងនំប៉័ងដែលគាំទ្រដោយអង្គការសហប្រជាជាតិទាំងអស់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបង្ខំឲ្យបិទទ្វារ»។ លោក Hijazi បានបន្ថែមថា៖ «ជនជាតិប៉ាឡេស្ទីន ៩នាក់ ក្នុងចំណោម ១០នាក់ មិនមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នោះឡើយ។ កន្លែងស្តុករបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀត គឺមិនមានអ្វីទាំងអស់»។
អ្នកតំណាងប៉ាឡេស្ទីន បានសន្និដ្ឋានថា៖ «ទាំងនេះគឺជាការពិត។ ភាពស្រេកឃ្លានកំពុងកើតមាននៅទីនេះ។ ជំនួយមនុស្សធម៌ កំពុងត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ឈប់ការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃទី២ ខែមីនា ពោលគឺប៉ុន្មានថ្ងៃមុនការដួលរលំនៃបទឈប់បាញ់ដែលបានកាត់បន្ថយអរិភាពយ៉ាងខ្លាំង ក្រោយសង្គ្រាមរយៈពេល ១៥ខែ។ ប្រទេសនេះបានចាប់ផ្ដើមទម្លាក់គ្រាប់បែកតាមអាកាសឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា តាមមកដោយការវាយប្រហារផ្លូវគោកជាថ្មី។ យុទ្ធនាការនេះបានបង្កឲ្យមាននូវអ្វីដែល UN បានពិពណ៌នាថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតដែលដែនដីកាន់កាប់ប៉ាឡេស្ទីនបានប្រឈមជាមួយ គិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕