ប្រទេសចិន នៅថ្ងៃអង្គារ (ទី២៩ ខែមេសា) នេះ បានប្រាប់ថា ខ្លួនបើកចំហ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសកាណាដា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Mark Carney បានឈ្នះការបោះឆ្នោតរបស់ប្រទេស ជាលទ្ធផលដែលនាំឲ្យគណបក្ស Liberal (សេរីនិយម) របស់លោកកាន់អំណាចមួយអាណត្តិទៀត។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បាននិយាយថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-កាណាដា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
លទ្ធផលនៅកាណាដា គឺជាការបានត្រលប់មកវិញយ៉ាងវិសេសវិសាល សម្រាប់ក្រុមសេរីនិយម ដែលនៅដើមឆ្នាំនេះ មើលទៅហាក់ដូចជាឆ្ពោះទៅរកភាពបរាជ័យនៅក្នុងការបោះឆ្នោត។ នៅថ្ងៃអង្គារនេះ ទីក្រុងប៉េកាំង មិនបានបង្ហាញការអបអរសាទរជាផ្លូវការ ចំពោះលោក Carney នោះឡើយ ប៉ុន្តែបានបញ្ជាក់ថា «ជំហររបស់ចិន ចំពោះទំនាក់ទំនងចិន-កាណាដា គឺមិនប្រែប្រួល និងច្បាស់លាស់»។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងអូតាវ៉ា មានភាពតានតឹង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការចាប់ខ្លួននាយកប្រតិបត្តិទូរគមនាគមន៍ជាន់ខ្ពស់របស់ចិន តាមដីការបស់សហរដ្ឋអាមេរិក នៅទីក្រុង Vancouver ក្នុងខែធ្នូ ឆ្នាំ២០១៨ និងការឃុំឃាំងសងសឹករបស់ទីក្រុងប៉េកាំង ចំពោះជនជាតិកាណាដា ២នាក់ ពីបទចារកម្ម បានធ្វើឲ្យទំនាក់ទំនងដុនដាបកាន់តែខ្លាំង។
ទំនាក់ទំនងកាន់តែតានតឹងឡើងបន្ថែមទៀត ជុំវិញការចោទប្រកាន់ ដែលថា ចិនជ្រៀតជ្រែកក្នុងការបោះឆ្នោតកាណាដា ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២១ ជាការចោទប្រកាន់ ដែលទីក្រុងប៉េកាំងបានបដិសេធ៕