ភ្នាក់ងារអចលនវត្ថុស៊ីរីលោក Fahd Haidar បានបិទអាជីវកម្ម ហើយបានដកកាំភ្លើងចេញ ដើម្បីការពារ ទីក្រុងJaramanaដែលជាស្រុកកំណើតរបស់លោក នៅពេលដែលវារងការវាយប្រហារ នៅសប្តាហ៍នេះដោយក្រុមឥស្លាមនិយម ដែលស្មោះត្រង់នឹងរដ្ឋាភិបាលថ្មី។
យុទ្ធជន Druze ចំនួន ៧នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៧នាក់ ដែលត្រូវបានសម្លាប់ នៅជាយក្រុង ដាម៉ាស (Damascus)ខណៈដែលការប៉ះទង្គិចគ្នា បានកើតឡើងពីថ្ងៃចន្ទដល់ថ្ងៃអង្គារ។
ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយថា កាលពីថ្ងៃពុធ អំពើហិង្សាបង្កឡើងដោយក្រុមប្រកាន់និកាយ បាន រាលដាលដល់ទីក្រុង Sahnaya ក្បែរនោះ ជាកន្លែងដែលយុទ្ធជន ២២នាក់ ត្រូវបានសម្លាប់។
រយៈពេល ១៤ឆ្នាំ បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមរបស់អតីតមេដឹកនាំលោក បាសា អាល់អាសាដ (Bashar al-Assad)ចំពោះការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្កឲ្យមានសង្រ្គាមស៊ីវិលដ៏មហន្តរាយ លោក Haidar បាននិយាយថា ខ្លួនភ័យខ្លាចការវិលត្រឡប់ទៅកាន់ «ភាពវឹកវរ» ដែលអាចធ្លាក់ចូលទៅក្នុង«វិបត្តិដ៏សោកសង្រេង ដែលនឹងប៉ះពាល់ដល់ប្រជាជនស៊ីរីគ្រប់រូប»។