សមាជិកសភាមួយរូប នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) បានប្រាប់ឲ្យដឹងថា សភារបស់ប្រទេសឥណ្ឌូនេស៊ី នឹងព្រមព្រៀងនៅសប្តាហ៍ក្រោយ ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងជាមួយវៀតណាម ដែលកំណត់ព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសទាំង២ នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាផ្លូវទឹកយុទ្ធសាស្ត្រ ដែលជាប្រភពនៃភាពតានតឹង រវាងប្រទេសចិន និងបណ្ដាប្រទេសជិតខាងអាស៊ីអាគ្នេយ៍មួយចំនួន ដែលរំខានដល់ការនេសាទ និងការរុករកថាមពល នៅក្នុងតំបន់នេះ។
លោក Nico Siahaan សមាជិកសភាក្នុងគណៈកម្មាការសភាដែលត្រួតពិនិត្យកិច្ចព្រមព្រៀងនេះ បានប្រាប់សារព័ត៌មាន Reuters ថា សភា និងរដ្ឋាភិបាល នឹងយល់ស្របជាផ្លូវការ ក្នុងការផ្តល់សច្ចាប័ន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយការផ្តល់សច្ចាប័នផ្លូវច្បាប់ចុងក្រោយ នឹងកើតមាននៅសប្តាហ៍នោះ ឬសប្តាហ៍បន្ទាប់។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២២ បន្ទាប់ពីការចរចាអស់រយៈពេលជាងមួយទសវត្សរ៍ កំណត់កូអ័រដោណេនៃ EEZ របស់ប្រទេសទាំង២ នៅសមុទ្រ។ សភាវៀតណាម ក៏ចាំបាច់ត្រូវតែផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ៕