ការរញ្ជួយដីដ៏ខ្លាំងនៅសមុទ្រទឹកជ្រៅ បានបង្កការភ័យខ្លាចពីរលកយក្សស៊ូណាមិ នៅភាគខាងត្បូងប្រទេសឈីលី និងប្រទេសអាហ្សង់ទីន កាលពីថ្ងៃសុក្រ ទី២ ឧសភា ដោយអាជ្ញាធរបានជម្លៀសអ្នកស្រុកនៅតំបន់ឆ្នេរ ជាច្រើនម៉ោងមុនពេលឈានដល់កម្រិតគំរាមកំហែង។
ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដី បានវាយប្រហារនៅតំបន់ Drake Passage នៅចន្លោះចុងភាគខាងត្បូងនៃអាមេរិកខាងត្បូងនិងអង់តាក់ទិក ក្នុងជម្រៅ១០គីឡូម៉ែត្រ។
ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានដាក់កម្រិតរញ្ជួយ ៧,៤ រ៉ិចទ័រ ទាបជាងបន្តិច ក្នុងកម្រិត៧,៥រិចទ័រ ដែលត្រូវបានរាយការណ៍ដោយមជ្ឈមណ្ឌលជាតិរញ្ជួយដីរបស់ប្រទេសឈីលី។
រញ្ចួដីបានវាយប្រហារនៅម៉ោង ៩និង៥៨នាទីព្រឹកម៉ោងក្នុងស្រុក ហើយការរញ្ជួយទ្រង់ទ្រាយតូចៗជាច្រើនក៏ត្រូវបានគេកត់ត្រាផងដែរ ប៉ុន្តែពុំមានការរាយការណ៍ពីអ្នករងរបួស ឬខូចខាតសម្ភារៈអ្វីឡើយ។
ចំណុចកណ្តាលនៃការរញ្ជួយ មានចម្ងាយ២១៩គីឡូម៉ែត្រពីទីក្រុង អ៊ូស្វាយ៉ា(Ushuaia) ក្នុងប្រទេសអាហ្សង់ទីន និងចម្ងាយស្រដៀងគ្នាពីទីក្រុង Puerto Williams របស់ប្រទេសឈីលី។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសឈីលី Senapred បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ និងបានបញ្ជាឱ្យជម្លៀសប្រជាជននៅតំបន់ឆ្នេរនៅតំបន់ដាច់ស្រយាល Magallanes ភាគខាងត្បូង។ ប៉ុន្តែក្នុងរយៈពេលពីរម៉ោង ទីភ្នាក់ងារបានដកបទបញ្ជាជម្លៀសចេញវិញ។
លោក Juan Carlos Andrade នាយកទីភ្នាក់ងារ Senapred បាននិយាយថា «ការជម្លៀសបង្ការជាមុនបានបញ្ចប់។ នោះមានន័យថាមនុស្សគ្រប់គ្នាអាចត្រឡប់ទៅវិញ និងបន្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេបាន»។