សណ្ឋាគារ និងផ្ទះទូក នៅតំបន់កាស្មៀររបស់ឥណ្ឌា កំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៧០ភាគរយ បន្ទាប់ពីអ្នកធ្វើដំណើរបានរត់គេចខ្លួន ក្រោយមានការវាយប្រហារដ៏គួរឲ្យតក់ស្លុត។ នៅខាងប៉ាគីស្ថានឯណោះវិញ កន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ នៅតាមព្រំដែន ត្រូវបានបិទ ខណៈដែលសញ្ញានៃការមានសង្គ្រាម រវាងគូសត្រូវទាំង២ លេចឡើងកាន់តែច្បាស់ទៅៗ។
អ្នកស្រុកនៅតំបន់ភ្នំហិមាល័យ ដែលត្រូវបានគេស្គាល់ដោយសារកំពូលភ្នំគ្របដណ្តប់ដោយព្រិល ចរន្តទឹកហូរលឿន និងសួនច្បារសម័យ Mughal ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ប៉ុន្តែជីវភាពរស់នៅរបស់ពួកគេ បានក្លាយជាជនរងគ្រោះទីមួយនៃអរិភាពចុងក្រោយបង្អស់ រវាងប៉ាគីស្ថាន និងឥណ្ឌា។
ប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ បានប្រយុទ្ធគ្នាចំនួន ២លើក ជុំវិញតំបន់ជម្លោះ ដែលប្រទេសទាំង២ បានអះអាងសិទ្ធិយ៉ាងពេញទំហឹងលើតំបន់នេះ ខណៈពេលដែលកំពុងចែកគ្នាគ្រប់ដោយផ្នែក ហើយការប៉ះទង្គិចគ្នា រវាងកងទ័ពដែលឈរជើងនៅតាមព្រំដែនជាក់ស្តែង បានធ្វើឲ្យតំបន់កាស្មៀក្លាយជាសមរភូមិជួរមុខនៃជម្លោះ។
ប៉ុន្តែការធ្លាក់ចុះយ៉ាងលឿននូវសកម្មភាពសកម្មប្រយុទ្ធគ្នា និងការមានបទឈប់បាញ់ដែលភាគច្រើនបានធ្វើឡើងរយៈពេល ៤ឆ្នាំ បានជួយជំរុញឲ្យវិស័យទេសចរណ៍កើនឡើង ដោយមានអ្នកធ្វើដំណើរជាង ៣លាននាក់ទៅកាន់ផ្នែករបស់ឥណ្ឌា ក្នុងឆ្នាំ២០២៤ ខណៈដែលជិត ១,៥លាននាក់ បានទៅវិស្សមកាលនៅខាងប៉ាគីស្ថាន។
សណ្ឋាគារ ផ្ទះសំណាក់ និងតាក់ស៊ី ត្រូវបានកក់ជិតពេញ នៅដើមរដូវកាលរដូវក្តៅដែលមានអ្នកធ្វើដំណើរច្រើនបំផុត ក្នុងឆ្នាំ២០២៥ នេះ មុនពេលហេតុការណ៍វាយប្រហារ កាលពីខែមេសា ទៅលើអ្នកទេសចរ បានសម្លាប់មនុស្ស ២៦នាក់ នៅលើវាលស្មៅ។
ឥណ្ឌាបានស្ដីបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារនេះ ហើយបានប្រកាសវិធានការការទូត និងសេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន។ ប៉ាគីស្ថានដែលបានបដិសេធមិនមានការពាក់ព័ន្ធណាមួយ បានបញ្ចេញវិធានការសងសឹក និងបានព្រមាន អំពីការវាយប្រហារយោធាដែលជិតកើតមានដោយឥណ្ឌា៕