របបយោធាមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ថ្មីក្រោយគ្រោះរញ្ជួយដី នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ ដោយមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់មនុស្សធម៌នៅមុននេះ បានផុតកំណត់ ពោលគឺជាកិច្ចព្រមព្រៀងដែលត្រូវបានចោទប្រកាន់ថា ត្រូវបានរំលោភបំពាន ដោយការបន្តយុទ្ធនាការវាយប្រហារតាមអាកាស។
គួររំលឹកថា រញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា នៅជិតភាគកណ្តាលទីក្រុង Mandalay បានសម្លាប់មនុស្សជិត ៣.៨០០នាក់ និងបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែងេជ្រកកោន ខណៈដែលរដូវមូសុងរដូវក្តៅ ជិតមកដល់។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រដ្ឋាភិបាលយោធា បានរំលោភលើបទឈប់បាញ់ដំបូងក្នុងខែមេសា ដោយមជ្ឈមណ្ឌលសម្រាប់ភាពធន់នឹងព័ត៌មានដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានកត់ត្រាការវាយប្រហារចំនួន ៦៥ដង ដែលភាគច្រើនធ្វើឡើងនៅក្នុងតំបន់រងគ្រោះដោយសាររញ្ជួយដី។
យ៉ាងណាក្ដី នៅថ្ងៃទី៦ ខែឧសភានេះ សេចក្តីថ្លែងការណ៍ពីក្រុមព័ត៌មានរបស់របបយោធា បានឲ្យដឹងថា បទឈប់បាញ់ថ្មី «ដើម្បីបន្តដំណើរការកសាង និងស្តារឡើងវិញ» នឹងមានរយៈពេលរហូតដល់ចុងខែឧសភា។
ដោយព្រមានក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអ្នកប្រឆាំងរដ្ឋប្រហារដែលខ្លួនកំពុងប្រយុទ្ធជាមួយ យោធាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ បានប្រាប់ថា ខ្លួននឹងនៅតែវាយប្រហារបកវិញ ចំពោះការវាយលុកណាមួយ៕