ក្រុមហាម៉ាសបានឲ្យដឹងថា មេបញ្ជាការម្នាក់ ក្នុងចំណោមមេបញ្ជាការរបស់ខ្លួន ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Sidon នៅភាគខាងត្បូងប្រទេសលីបង់ នាថ្ងៃពុធ (ទី៧ ខែឧសភា) ដែលជាការវាយប្រហារចុងក្រោយបង្អស់ បើទោះបីជាមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាក៏ដោយ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់លីបង់ បានរាយការណ៍ថា ការវាយប្រហារ នាពេលព្រឹកព្រលឹម បានសម្លាប់មនុស្សម្នាក់។ ក្រុមហាម៉ាសបានហៅឈ្មោះមេបញ្ជាការនោះថា លោក Khaled Ahmed al-Ahmed ហើយបាននិយាយថា រូបលោកកំពុងធ្វើដំណើរទៅអធិដ្ឋាន។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្របពេលដែលយើងកាន់ទុក្ខទុក្ករបុគ្គលរបស់យើង យើងសូមសន្យា ចំពោះព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយបន្ទាប់មក ចំពោះប្រជាជនរបស់យើង និងប្រទេសជាតិរបស់យើងថា យើងនឹងបន្តដើរលើមាគ៌ានៃការតស៊ូ»។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានសម្លាប់លោក Ahmed ដោយបន្ថែមថា រូបគេ គឺជា«ប្រធានប្រតិបត្តិការនៅកងពលធំខាងលិចរបស់ក្រុមហាម៉ាសក្នុងប្រទេសលីបង់»។ រូបលោកត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការរត់ពន្ធអាវុធ និងជួយរៀបចំការវាយប្រហារ «ជាច្រើន» លើអ៊ីស្រាអែល៕