អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃពុធ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ និងការប៉ាន់ស្មានអំពីសំណើដែលធ្វើឡើងដោយទីក្រុងតេអេរ៉ង់ ស្តីពីកិច្ចចរចានុយក្លេអ៊ែរដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន និងកិច្ចប្រជុំដែលជិតមកដល់រវាងប្រធានាធិបតីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោកបានធ្វើការអត្ថាធិប្បាយទៅកាន់ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ ខណៈពេលដែលមានប្រតិកម្មចំពោះរបាយការណ៍ថ្មីៗរបស់គេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet ដែលបានអះអាងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានទៅជួបបេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកលោក Steve Witkoff ដោយស្នើសុំការចរចានុយក្លេអ៊ែរដោយផ្ទាល់ជាមួយគណៈប្រតិភូអាមេរិក ដោយសារ «ការខកចិត្ត» ជាមួយកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសអូម៉ង់ ក្នុងបញ្ចប់ភាពខ្វែងគំនិតគ្នារវាង ភាគីទាំងពីរ។
លោក Baghaei ក៏បានច្រានចោលការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅសប្តាហ៍ក្រោយ អាចនឹងជួបជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian ។
អ្នកនាំពាក្យរូបនេះ បានពណ៌នារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងពាក្យចចាមអារ៉ាមថា ជា «ការប្រឌិត និងគ្មានមូលដ្ឋាន» ដោយនិយាយថា «ព័ត៌មានថ្មីៗទាំងអស់អំពីសកម្មភាពការទូតរបស់អ៊ីរ៉ង់ រួមទាំងការពិភាក្សាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ត្រូវបានទំនាក់ទំនងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងទាន់ពេលវេលា ដោយក្រសួងការបរទេស (អ៊ីរ៉ង់)»។