ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធ បានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី ដោយព្រមានថាសកម្មភាពបែបនេះនឹងមិនធានាបាន «សន្តិសុខយូរអង្វែងសម្រាប់អ៊ីស្រាអែលនោះទេ»។ លោកបានថ្លែងដូច្នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមជាមួយមេដឹកនាំបណ្តោះអាសន្នប្រទេសស៊ីរី លោក Ahmed al-Sharaa នៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។
លោក Macron បាននិយាយថា «ទាក់ទងនឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារ ដែលជាក្តីបារម្ភ ខ្ញុំគិតថានេះជាការអនុវត្តដ៏អាក្រក់។ អ្នកមិនទទួលបានសន្តិសុខនៅប្រទេសរបស់អ្នកដោយការរំលោភលើបូរណភាពទឹកដីរបស់ប្រទេសជិតខាងអ្នកនោះទេ។ «វិធីសាស្ត្រត្រឹមត្រូវ គឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការ»។
ការអត្ថាធិប្បាយរបស់លោក Macron បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដោយដាក់គោលដៅលើទីតាំងមួយកន្លែងនៅជិតលំនៅឋានផ្លូវការរបស់ប្រធានាធិបតីស៊ីរីនៅទីក្រុងដាម៉ាស។
ការផ្ទុះយ៉ាងខ្លាំងត្រូវបានគេឮនៅពាសពេញតំបន់ដ៏ធំទូលាយនៅរដ្ឋធានី។ យន្តហោះអ៊ីស្រាអែល ក៏ត្រូវបានគេរាយការណ៍ថាបានហោះហើរបេសកកម្មឈ្លបយកការណ៍នៅលើទីក្រុងដាម៉ាស ភ្លាមៗបន្ទាប់ពីការវាយប្រហារ។
ការវាយប្រហារនេះ បានកើតឡើងក្នុងពេលមានអំពើហិង្សាកាន់តែខ្លាំងឡើងនៅភាគខាងត្បូងប្រទេសស៊ីរី ជាពិសេសនៅក្នុងតំបន់ភាគច្រើននៃតំបន់ដែលមានក្រុមនីកាយជនជាតិភាគតិច Druze រស់នៅច្រើន។