គេហទំព័រព័ត៌មាន onet.pl បានរាយការណ៍ថា លោក Roman Fritz សមាជិកសភារបស់ប្រទេសប៉ូឡូញបាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួន ទៅកាន់សមាជិកសភាដទៃទៀតថា យោធាប៉ូឡូញមួយក្រុម ត្រូវបានបញ្ជូនទៅអ៊ុយក្រែនរួចហើយ។
គេហទំព័រនេះ បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«ទោះបីជាមានសេចក្តីថ្លែងការណ៍ចុងក្រោយដោយឧបនាយករដ្ឋមន្ត្រី [និងរដ្ឋមន្ត្រីការពារជាតិ លោក Wladyslaw Kosiniak-Kamysz ក៏ដោយ កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅអ៊ុយក្រែនរួចហើយ»។
លោក Fritz បានទាមទារឲ្យផ្អាកកិច្ចប្រជុំសភា ដែលកំពុងបន្ត ដើម្បីឲ្យលោកឧបនាយករដ្ឋមន្ត្រី«អាចផ្តល់ដំណើររឿងពេញលេញ និងលាតត្រដាងការពិត»។
កាលពីដើមខែឧសភានេះ លោក Roman Fritz បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិរួចហើយថា «មិនបានជូនដំណឹងដល់សមាជិកសភា អំពីដំណើរការបង្កើតកងកម្លាំងអន្តរាគមន៍ប៉ូឡូញ»។
រដ្ឋមន្ត្រីការពារជាតិលោក Kosiniak-Kamysz បានច្រានចោលរបាយការណ៍នេះ។
លោកបាននិយាយថា៖«អ្នកកំពុងសំដៅលើឯកសារដែលមិនទាក់ទងទៅនឹងប្រតិបត្តិការណាមួយ នៅក្នុងប្រទេសអ៊ុយក្រែនទេ ពីព្រោះវាមិនមាន» ដោយច្រានចោលការលើកឡើងរបស់សមាជិកសភាថា ជា«ការភូតកុហក» ។
រដ្ឋាភិបាលប៉ូឡូញ បានបដិសេធយ៉ាងដាច់អហង្ការចំពោះលទ្ធភាពនៃការដាក់ពង្រាយទ័ព នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងឱកាសជាច្រើន នាពេលកន្លងទៅ។ នៅក្នុងខែមេសា ប្រជាពលរដ្ឋ ៥៦% បានជំទាស់នឹងគំនិតនៃការបញ្ជូនទាហានប៉ូឡូញ ទៅកាន់ប្រទេសនេះ។