នៅថ្ងៃព្រហស្បតិ៍នេះ បេក្ខជនប្រធានាធិបតីនិយមស្តាំរបស់កូរ៉េខាងត្បូងលោក Kim Moon-soo បានចោទប្រកាន់គណបក្សរបស់លោកថា បានព្យាយាមបង្ខំឲ្យរូបលោកចាកចេញ ហើយលោកគំរាមចាត់វិធានការស្របច្បាប់ រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតមុនកាលកំណត់ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ ។
លោក Kim បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា លោកមានជំនឿថា ថ្នាក់ដឹកនាំបក្ស កំពុងព្យាយាមទម្លាក់រូបលោក ដោយពេញចិត្តបេក្ខជនម្នាក់ផ្សេងទៀតគឺលោកអតីតនាយករដ្ឋមន្រ្តី Han Duck-soo បើទោះបីជារូបលោកត្រូវបានជ្រើសតាំងជាបេក្ខជនស្របច្បាប់របស់គណបក្សក៏ដោយ ។
គណបក្សអំណាចប្រជាជន(PPP) បានជ្រើសរើសលោក Kimជាបេក្ខជនប្រធានាធិបតីកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ តាមរយៈការបោះឆ្នោតបឋម ប៉ុន្តែឥឡូវពួកគេជំរុញឲ្យលោក Kim និងលោក Hanចរចាគ្នាលើអ្នកដែលគួរតំណាងគណបក្សនៅការបោះឆ្នោត ។
លោក Han ដែលបានលាលែងពីតំណែងជាមេដឹកនាំស្តីទីកាលពីសប្តាហ៍មុន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត មិនមែនជាសមាជិកក្នុងគណបក្ស PPPនោះទេ ប៉ុន្តែលោកគឺជានាយករដ្ឋមន្រ្តីក្រោមការដឹកនាំរបស់លោកប្រធានាធិបតីទម្លាក់ចេញពីអំណាច Yoon Suk Yeol ដែលមកពីគណបក្សមួយនេះ ។
ការបង្រួបបង្រួមបេក្ខជនអភិរក្សនិយម ត្រូវបានគេមើលឃើញថាស្ថិតក្នុងចំណោម ២-៣ជម្រើស ដើម្បីតតាំងជាមួយគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យលោក Lee Jae-myung នៅការបោះឆ្នោត ៕