វិចិត្រករដ៏ល្បីឈ្មោះម្នាក់របស់ឥណ្ឌាលោក Sudarsan Pattnaik បានឧទ្ទិសចម្លាក់គំនូរដីខ្សាច់របស់លោកដល់កងកម្លាំងប្រដាប់អាវុធឥណ្ឌា សម្រាប់ការវាយប្រហារលើទីតាំងជាប់ពាក់ព័ន្ធនឹងក្រុមជីវពលអ៊ិស្លាម Jaish-e-Mohammed និង Lashkar-e-Taiba ហើយនិងជាអ្វីដែលទីក្រុងញូវដែល្លី ចាប់ទុកថាជាប្រតិបត្តិការ “Sindoor” ។
លោក Pattnaikនិយាយថា ពួកយើងសូមវន្ទនាដល់កងកម្លាំងប្រដាប់អាវុធរបស់យើង និងបង្ហាញការគោរពតាមរយៈចម្លាក់គំនូរដីខ្សាច់នេះ សម្រាប់ការចុះប្រតិបត្តិការ“Sindoor” របស់ពួកគេ ។ គ្មានការអត់ធ្មត់នោះទេ ចំពោះអំពើភេរវកម្មនៅក្នុងប្រទេសមួយនេះ ។
ពាក្យ “Sindoor” នៅក្នុងភាសាហិណ្ឌូមានន័យថា “ម៉្សៅវើមីលាន” គឺជាម៉្សៅពណ៌ក្រហម ដែលស្រ្តីហិណ្ឌូប៉ាតលើថ្ងាស ឬប៉ាតលើសក់ដែលជាសញ្ញាមួយនៃអាពាហ៍ពិពាហ៍ ។
ឥណ្ឌា បានវាយប្រហារតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន និងប្រទេសប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាម សម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមុន ។
ឥណ្ឌា និយាយថា ពួកគេបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវករដែលពាក់ព័ន្ធនឹងការសម្លាប់ភ្ញៀវទេសចរ ប៉ុន្តែប៉ាគីស្ថាន បានធ្វើការចា្រនចោលទាំងស្រុងថា ពួកគេគ្មានជំរំបែបនេះឡើយនៅក្នុងដែនដីរបស់ពួកគេ ។
ប៉ាគីស្ថាននិយាយថា ជនស៊ីវិលរបស់ខ្លួនយ៉ាងហោច ៣១នាក់ ត្រូវបានសម្លាប់ ហើយពួកគេនិយាយថា ឥណ្ឌាបានបញ្ឆេះភ្លើងសង្រ្គាមនៅក្នុងតំបន់ ៕