មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងចិន កំពុងស្ថិតនៅក្នុងប្រទេសស្វីស នៅចុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មកំពុងកើនឡើង ដែលបង្កឡើងដោយការដំឡើងពន្ធដ៏ច្រើនហួសហេតុរបស់ប្រធានាធិបតី លោក Donald Trump និងត្រូវបានជំរុញដោយវិធានការសងសឹកដ៏ខ្លាំងក្លាពីសំណាក់ទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer គ្រោងនឹងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសៅរ៍ ទី១០ ខែ ឧសភានេះ និងថ្ងៃអាទិត្យ ជាកិច្ចពិភាក្សាលើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីលោក Trump បានដាក់ពន្ធថ្មីដ៏ខ្ពស់លើប្រទេសចិន កាលពីខែមុន។
ការដំឡើងពន្ធ ដែលត្រូវបានដាក់លើប្រទេសផលិតខ្នាតយក្សនៅអាស៊ីមួយនេះ ចាប់តាំងពីដើមឆ្នាំមកដែលបច្ចុប្បន្នមានចំនួនសរុប១៤៥ភាគរយ ដោយបូកបន្ថែមពន្ធលើមុខទំនិញមួយចំនួនដែលមានស្រាប់កើនឡើងរហូតដល់ ២៤៥ ភាគរយ។ នៅក្នុងការសងសឹក ប្រទេសចិនបានដំឡើងពន្ធ១២៥ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិក ដោយបានបន្ថែមនូវអ្វីជាការរឹតត្បិតពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។ លោក Trump បានផ្តល់សញ្ញាកាលពីថ្ងៃសុក្រថា លោកអាចកាត់បន្ថយការដំឡើងពន្ធដ៏ខ្ពស់លើការនាំចូលរបស់ប្រទេសចិន ដោយសរសេរលើបណ្តាញសង្គមថា «ការដំឡើងពន្ធ៨០% លើប្រទេសចិន ហាក់ដូចជាត្រឹមត្រូវ!» ដែលអ្នកនាំពាក្យរបស់លោក លោកស្រី Karoline Leavitt ក្រោយមកបានបំភ្លឺថា លោកTrump នឹងមិនធ្វើដូច្នេះជាឯកតោភាគីឡើយ ហើយប្រទេសចិន ក៏ចាំបាច់ត្រូវធ្វើសម្បទាន ផងដែរ។