ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងទទួលជ័យជម្នះនៅអ៊ុយក្រែន ខណៈសហភាពសូវៀតធ្លាប់មានក្នុងសង្គ្រាមលោកលើកទី២ នៅពេលលោកបានព្យាយាមប្រមូលផ្តុំការគាំទ្រក្នុងពេលព្យុហយាត្រាយោធានៅទីក្រុងមូស្គូ ដែលធ្វើឡើងនៅចំពោះមុខសម្ព័ន្ធមិត្តសំខាន់ៗ។
លោក ពូទីន បានអង្គុយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលទស្សនាការដង្ហែក្បួនរបស់កងទ័ពរាប់ពាន់នាក់ ដែលមួយចំនួនបានចូលរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ហើយមានសព្វាវុធជាច្រើនរួមទាំងរថក្រោះ និងយានដ្រូនថ្មីៗ ដើម្បីរំលឹកពីការបរាជ័យរបស់ពួកណាស៊ី កាលពី៨០ កន្លងទៅនេះ។
លោកពូទីន បាននិយាយទៅកាន់ក្បួនព្យុហយាត្រាថា «ប្រទេសទាំងមូល សង្គមនិងប្រជាជន បានគាំទ្រអ្នកចូលរួមក្នុងប្រតិបត្តិការសឹកពិសេស»។ លោកបាននិយាយបន្ថែមថា «យើងមានមោទនភាពចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះភាពរឹងមាំដែលតែងតែនាំមកឱ្យយើងនូវជ័យជម្នះ» ។
ទីក្រុងមូស្គូ បានរៀបចំការបាញ់កាំជ្រួចក្នុងការប្រារព្ធទិវាជ័យជំនះកាលពីថ្ងៃសុក្រ ទី៩ ខែឧសភា ជាខួបលើកទី៨០ នៃជ័យជំនះរបស់រុស្ស៊ីលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។