រដ្ឋាភិបាលអង់គ្លេសកំពុងប្រឹងប្រែងរឹតបន្តឹងការសុំទិដ្ឋាការ ដើម្បីទប់ស្កាត់ចំនួនពលករដែលចូលប្រទេសតាមរយៈផ្លូវច្បាប់។ វិធានការទាំងនោះ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងសៀវភៅសអន្តោប្រវេសន៍ ស្នើនូវតម្រូវការកម្រិតថ្មី សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការដែលមានជំនាញ និងដាក់កម្រិតលើទិដ្ឋាការដែលមានជំនាញទាប។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី១១ ខែឧសភា) ថា ក្រុមមួយនឹងត្រូវបានចាត់តាំងឡើង ដើម្បីកំណត់កន្លែងដែលឧស្សាហកម្មពឹងផ្អែកខ្លាំងពេកលើពលកម្មបរទេស។
ក្រសួងមហាផ្ទៃបានឲ្យដឹងថា វិធានការមួយនឹងផ្តល់ទិដ្ឋាការកម្រិតពេលវេលាដល់កម្មករជំនាញទាប ដោយផ្អែកលើភស្តុតាងដ៏រឹងមាំនៃកង្វះខាតកម្មករ និងដែលនិយោជកអាចប្តេជ្ញាចិត្ត ក្នុងការបង្កើនជំនាញក្នុងស្រុក និងការជ្រើសរើសបុគ្គលិក។ ក្រសួងនឹងលើកឡើងអំពីវិធានការទាំងនេះ នៅថ្ងៃចន្ទ (ទី១២ ខែឧសភា) នៅពេលដែលខ្លួនបង្ហាញសៀវភៅស ក្នុងសភា។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក Keir Starmer បានសន្យាថា នឹងកាត់បន្ថយទេសន្តរប្រវេសន៍នៅប្រទេសអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ ជុំវិញសម្ពាធដែលកំពុងតែមានលើសេវាសាធារណៈ។ បញ្ហានេះបានជំរុញឲ្យមាននូវការតវ៉ាភ្លាមៗ បន្ទាប់ពីគណបក្សការងារបានចូលកាន់តំណែងនៅរដូវក្តៅឆ្នាំ២០២៤ ដែលបានប្រែក្លាយទៅជាអំពើហិង្សាស្តាំនិយម៕