រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani បានព្រមានថា ការពន្យារពេលការអនុវត្តកិច្ចព្រមព្រៀង រវាងរដ្ឋបាលថ្មីរបស់ប្រទេសស៊ីរី និងកងកម្លាំងដឹកនាំដោយឃើដ នៅភាគឦសាន នឹង «ធ្វើឲ្យភាពចលាចល» នៅក្នុងប្រទេសនេះ កាន់តែយូរ។
ការលើកឡើងរបស់លោក បានកើតឡើង នៅពេលដែលគណបក្សពលករឃើដ ឬ PKK បានប្រកាសថាខ្លួន កំពុងរំសាយ ជាសេចក្តីប្រកាសមួយដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃើដ ដែលគ្រប់គ្រងតំបន់ភាគខាងជើង និងភាគឦសានស៊ីរី មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។
លោក Al-Shaibani បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងអង់ការ៉ាជាមួយសមភាគីទួរគី និងហ្ស៊កដានីថា ការសម្រេចរបស់គណបក្សពលករឃើដ គឺជា «ពេលវេលាដ៏សំខាន់» សម្រាប់ស្ថិរភាពក្នុងតំបន់។
លោកបាននិយាយថា ប្រទេសស៊ីរីកំពុងអនុវត្តកិច្ចព្រមព្រៀងជាតិ ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងបញ្ចូលតំបន់ទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋកណ្តាល។
កាលពីខែមីនា ប្រធានាធិបតីស៊ីរី លោក Ahmad Al-Sharaa និងប្រធានកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) លោក Mazloum Abdi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើសមាហរណកម្មស្ថា ប័នស៊ីវិល និងយោធានៃរដ្ឋបាលស្វយ័តឃើដ នៅភាគឦសាន ទៅក្នុងរដ្ឋាភិបាលជាតិ។