ប្រទេសអ៊ីរ៉ង់ បានធ្វើបច្ចុប្បន្នភាពជាមួយចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ អំពីការចរចាទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ក្រសួងការបរទេសអ៊ីរ៉ង់និយាយថា គណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងបួន បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា គណៈប្រតិភូ ប្តេជ្ញាថានឹងប្រើប្រាស់ផ្នែកការទូតឱ្យល្អបំផុត ហើយនឹងជួបគ្នាម្តងទៀត។
ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសមហាអំណាចពិភពលោកក្នុងឆ្នាំ២០១៥ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ហើយអ៊ីរ៉ង់ បានពន្លឿនការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន។
អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបញ្ជាក់កាលពីខែធ្នូ ឆ្នាំមុន ថា ពួកគេអាចនឹងបង្កើតយន្តការដែលគេស្គាល់ថា «ត្រឡប់ទៅរកស្ថានភាពកាលពីពេលមុន» ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញ ប្រសិនបើអ៊ីរ៉ង់បំពានលើកិច្ចព្រមព្រៀង។