កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករអ៊ីស្រាអែលនាំគ្នាតវ៉ានៅក្នុងទីក្រុងតែល អាវីវ ដោយពួកគេនាំគ្នាបិទផ្លូវ និងអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ក៏ដូចជាដោះលែងចំណាប់ថ្នូរសេសសល់ត្រឡប់មកផ្ទះវិញ ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមកិច្ចប្រជុំបទឈប់បាញ់ឡើងវិញនៅប្រទេសកាតា ប៉ុន្តែកងកម្លាំងអ៊ីស្រាអែលនៅតែបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់ពួកគេដដែល ដោយបានសម្លាប់មនុស្សរាប់រយនាក់ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចរចាលើកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស បានចាប់ផ្តើមឡើងវិញហើយនៅទីក្រុង Doha ។
លោកបន្តថា កិច្ចប្រជុំនេះចាប់ផ្តើមដោយអ៊ីស្រាអែលពុំឯកភាពលើបទឈប់បាញ់នោះឡើយ ឬដកចេញការបិទច្រកលើតំបន់មួយនេះ ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេបន្តការវាយប្រហារ និងចល័តទាហាន ក្នុងគោលបំណងសម្រេចឲ្យបានការគ្រប់គ្រងប្រតិបត្តិការនៅតាមតំបន់មួយចំនួនក្នុងតំបន់ហ្កាហ្សា ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ១៤៦នាក់ ត្រូវបានសម្លាប់នៅថ្ងៃទី ៣នៃការយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលស្ថិតក្នុងចំណោមរលកវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីខែមីនា ៕