សម្តេចប៉ាប Leo ទី១៤ បានគង់លើរថយន្ត Popemobile ដែលជាព្រះទីនាំងសម្រាប់សម្ដេចប៉ាប រួចយាងចូលទៅក្នុងទីលានចុតរង្គ St. Peter's Square របស់បុរីវ៉ាទីកង់ លើកដំបូងនាថ្ងៃអាទិត្យ (១៨ ឧសភា) នេះ ខណៈមនុស្សម្នារាប់ម៉ឺននាក់ រួមទាំងមេដឹកនាំពិភពលោករាប់សិបនាក់ បានចូលរួមអបអរសាទរពិធីគ្រងរាជ្យជាប្រមុខដឹកនាំថ្មីនៃអ្នកកាន់សាសនាកាតូលិក ១,៤លាននាក់របស់ពិភពលោក។
ហ្វូងមនុស្សបានកកកុញលើទីលាន និងផ្លូវជុំវិញក្នុងទីក្រុងរ៉ូម នៅក្នុងការជួបជុំដ៏ធំបំផុតនៅបុរីវ៉ាទីកង់ ចាប់តាំងពីពិធីបុណ្យព្រះសពនៅថ្ងៃទី២៦ ខែមេសា របស់សម្ដេចប៉ាប Francis ដែលបានសោយទិវង្គត់។ សាសនិកាតូលិកបានកាន់ទង់ជាតិអាមេរិក និងប៉េរូ ដើម្បីអបអរសម្តេចប៉ាបជនជាតិសហរដ្ឋអាមេរិកដំបូងគេ ខណៈប្រារព្ធពិធីគ្រងរាជ្យរបស់ព្រះអង្គនៅព្រឹកថ្ងៃអាទិត្យនេះ។
ប្រសូតនៅទីក្រុងឈីកាហ្គោ របស់សហរដ្ឋអាមេរិក សម្ដេចសង្ឃកាតូលិកព្រះជន្ម ៦៩ព្រះវស្សាអង្គនេះ បានចំណាយពេលជាច្រើនឆ្នាំជាសាសនទូតនៅប្រទេសប៉េរូ ហើយក៏មានសញ្ជាតិប៉េរូផងដែរ មានន័យថា ទ្រង់ក៏ជាបព្វជិតទីមួយដែលជាប់ពាក់ព័ន្ធនឹងប្រជាជាតិអាមេរិកខាងត្បូងមួយនោះ។ ហ្វូងមនុស្សបានស្រែកថា "Viva il Papa" ដែលមានន័យថា សូមឱ្យសម្ដេចប៉ាបមានព្រះជន្មយ៉ឺនយូរ និងស្រែកថា "Papa Leone" ដែលជាព្រះនាមរបស់ទ្រង់ក្នុងភាសាអ៊ីតាលី។
បន្ទូលដំបូងរបស់ទ្រង់នៅក្នុងការបង្ហាញព្រះភ័ក្រ្តទៅកាន់ហ្វូងមនុស្សនៅទីលានចតុរង្គ St. Peter's ក្នុងយប់នៃការទទួលបានតំណែងគឺ "សូមសន្តិភាពចូរមានដល់អ្នកគ្រប់គ្នា" ជាឃ្លាដែលសាសនិកកាតូលិកតែងប្រើនៅក្នុងការប្រារព្ធពិធីសាសនារបស់ពួកគេ៕