ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់នៅពេលដែលអគ្គិភ័យបានឆាបឆេះដោយសារទុស្សេខ្សែភ្លើងនៅក្នុងអគារមួយនៅក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា នាថ្ងៃអាទិត្យ (១៨ ឧសភា) នេះ។
ការិយាល័យសង្គ្រោះបន្ទាន់ និងការពារជនស៊ីវិលរបស់ឥណ្ឌា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អគ្គិភ័យបានឆាបឆេះនៅជាន់ផ្ទាល់ដី ហើយបានរាលដាលដល់ជាន់ខាងលើនៃអាគារដែលមានទីតាំងនៅក្រុង Hyderabad ហើយរថយន្តពន្លត់អគ្គិភ័យប្រហែលរាប់សិបគ្រឿង បានចូលរួមនៅក្នុងប្រតិបត្តិការពន្លត់អណ្ដាតភ្លើង។
រដ្ឋមន្ត្រីក្រសួងរ៉ែរបស់ឥណ្ឌា លោក G. Kishan Reddy ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការស៊ើបអង្កេតបឋមបង្ហាញថា ការទុស្សេខ្សែភ្លើងប្រហែលជាមូលហេតុបណ្តាលឱ្យមានអគ្គិភ័យដ៏ធំនេះ ហើយអ្នកស្លាប់ទាំង ១៧នាក់នោះ រួមមានកុមារ ៦នាក់ អាយុក្រោម ៥ឆ្នាំ៕