ទារកជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលនៅតែបន្តបិទផ្លូវរបស់ខ្លួនមិនឲ្យមានការផ្គត់ផ្គង់ជំនួយ និងការបាញ់ប្រហារលើមនុស្សដែលត្រូវបានបង្ខំឱ្យស្វែងរកអាហារនៅកន្លែងផ្តល់ជំនួយដ៏ចម្រូងចម្រាសគាំទ្រដោយសហរដ្ឋអាមេរិក ដែលត្រូវបានពិពណ៌នាថាជា "អន្ទាក់មរណៈ" ។
ទារកទើបកើតបាន៣៥ថ្ងៃបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យ al-Shifa នៃទីក្រុងហ្កាហ្សា នេះបើយោងតាមនាយកមន្ទីរពេទ្យនេះលោក Muhammad Abu Salmiya ដែលបានប្រាប់សារព័ត៌មាន Al Jazeera ។ ទារកដែលមិនបញ្ចេញឈ្មោះនេះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលបានស្លាប់ដោយការអត់ឃ្លាននៅក្នុងមន្ទីរពេទ្យនេះ កាលពីថ្ងៃសៅរ៍។
ការស្លាប់នេះបានកើតឡើងស្របពេលក្រសួងសុខាភិបាលរបស់ហ្កាហ្សាបានព្រមានថាបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនេះ ត្រូវបានគ្របដណ្ដប់ដោយចំនួនមនុស្សអត់ឃ្លានមិនធ្លាប់មាន ដោយក្រុមមន្ត្រីបាននិយាយថាកុមារ១៧.០០០នាក់ នៅក្នុងដែនដីហែកហួរដោយសង្គ្រាមហ្កាហ្សាកំពុងទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានបន្តវាយលុកលើដែនដីហ្កាហ្សាស្ទ្រីប ដោយប្រភពវេជ្ជសាស្ត្របានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១១៦ នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់នេះចាប់តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍ រួមទាំង ៣៨ នាក់ដែលត្រូវបានបាញ់សម្លាប់ពេលកំពុងស្វែងរកអាហារពីកន្លែងផ្តល់ជំនួយដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) គាំទ្រដោយសហរដ្ឋអាមេរិក ៕