ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងប្រទេសប៉ូឡូញ (ABW) បាននិយាយកាលពីថ្ងៃអង្គារទី២៩ ខែកក្កដាថា ជនជាតិកូឡុំប៊ីម្នាក់ដែលធ្វើការងារតំណាងឲ្យភ្នាទីភ្នាក់ងារចារកម្មរុស្ស៊ី បានធ្វើការវាយប្រហារដោយការលួចដុតចំនួនពីរករណីនៅក្នុងប្រទេសប៉ូឡូញកាលពីឆ្នាំមុន មុនពេលលួចដុតបំផ្លាញឃ្លាំងរថយន្តក្រុងនៅសាធារណរដ្ឋឆែក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាសាវី នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និយាយថា រដ្ឋអាជ្ញាប្រទេសប៉ូឡូញ និងអង្គភាពចារកម្មបានបញ្ជាក់ថា ការប៉ុនប៉ងបំផ្លិចបំផ្លាញទាំងនេះ ត្រូវបានធ្វើឡើងតាមសំណើផ្ទាល់របស់អង្គភាពសេវាចារកម្មរុស្ស៊ី។
លោក Tusk បាននិយាយថា «បច្ចុប្បន្នយើងមានជនសង្ស័យ និងអ្នកជាប់ឃុំ ៣២ នាក់» ហើយអ្នកដែលជាប់ពាក់ព័ន្ធរួមមានជនជាតិប៉ូឡូញ រុស្ស៊ី អ៊ុយក្រែន បេឡារុស និងជនជាតិកូឡុំប៊ី។ ជនសង្ស័យម្នាក់ត្រូវបានកាត់ទោសរួចហើយ ហើយបច្ចុប្បន្នកំពុងដាក់ឃុំក្នុងពន្ធនាគារ ខណៈមួយចំនួនទៀតកំពុងរង់ចាំការជម្រះក្តី។
ស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាសាវី បាននិយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះទេ។ ប៉ូឡូញ គឺជាគោលដៅនៃការបំផ្លិចបំផ្លាញ ដែលក្រុមមន្ត្រីនិយាយថា ជាផ្នែកនៃ «សង្រ្គាមកូនកាត់» ដែលធ្វើឡើងដោយទីក្រុងមូស្គូ ដើម្បីធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសដែលគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ីពាក់ព័ន្ធនឹងយុទ្ធសាស្ត្រដូចជា ការលួចដុត និងការវាយប្រហារតាមអ៊ីនធឺណិត ជាដើម។