ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទៅដល់ទីក្រុង ធានជីន (Tianjin) ភាគខាងជើងប្រទេសចិនហើយ នៅថ្ងៃអាទិត្យ ៣១ សីហានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលរៀបចំដោយសមភាគីចិនរបស់លោក គឺលោក Xi Jinping ជាមួយមេដឹកនាំពិភពលោកប្រហែល ២០ ប្រទេសផ្សេងទៀត។
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នឹងប្រព្រឹត្តទៅនៅទីក្រុងកំពង់ផែមួយនេះរហូតដល់ថ្ងៃចន្ទស្អែកនេះ ប៉ុន្មានថ្ងៃមុនពេលក្បួនព្យុហយាត្រាយោធាដ៏ធំនៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីប្រារព្ធខួប ៨០ ឆ្នាំចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ។
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ត្រូវបានបង្កើតឡើងដោយមានប្រទេសជាមាជិកដូចជា ចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារុស ជាមួយនឹងប្រទេសចំនួន ១៦ ទៀត ដែលជាប់ពាក់ព័ន្ធ ជារដ្ឋសង្កេតការណ៍ ឬ ដៃគូសន្ទនា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី និងចិន បានរាយការណ៍នៅម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យនេះថា យន្តហោះរបស់លោក Putin បានចុះចតនៅទីក្រុង Tianjin៕