មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បានឲ្យដឹងថា កិច្ចចរចាពាណិជ្ជកម្មរវាងឥណ្ឌា និង EU បានឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ ហើយក្រុមចរចាកំពុងធ្វើការយ៉ាងម៉ត់ចត់ ដើម្បីបំពេញតាមពេលកំណត់ នៅចុងឆ្នាំ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
EU គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាលើទំនិញនានា ដោយពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៣៧,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ដោយកើនឡើងជិត ៩០ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
លោក Maros Sefcovic ប្រធានពាណិជ្ជកម្ម EU បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ថា «ឥឡូវនេះ ពួកយើងកំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំងតាមដែលអាច ដើម្បីបញ្ចប់ឲ្យបានសព្វគ្រប់នូវកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ»។ លោកបានកត់សម្គាល់ទៀតថា ភាគីទាំង២ កំពុងធ្វើការលើកិច្ចព្រមព្រៀងមួយ ដើម្បី «បើកឲ្យមានការវិនិយោគ កាត់បន្ថយរបាំងនានា ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជាផលប្រយោជន៍នៃភាគីទាំង»។
គួរបញ្ជាក់ថា ការចរចាដែលបានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០២២ បានមាននូវវឌ្ឍនភាពយ៉ាងឆាប់រហ័ស ចាប់តាំងពីការជាប់ឆ្នោតឡើងវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ដោយប្រឈមនឹងអត្រាពន្ធរបស់លោក Trump ទីក្រុងប៊្រុចសែល បានពន្លឿនការជំរុញរបស់ខ្លួន សម្រាប់សម្ព័ន្ធភាពពាណិជ្ជកម្ម ដោយឈានដល់កិច្ចព្រមព្រៀងជាមួយម៉ិកស៊ិក និងបណ្តាប្រទេសអាមេរិកខាងត្បូងប្លុក Mercosur និងបង្កើនកិច្ចពិភាក្សាជាមួយឥណ្ឌា ឥណ្ឌូនេស៊ី និងអារ៉ាប់រួម៕